ឯកអគ្គរដ្ឋទូតឥណ្ឌា ស្នើសុំរៀបចំ ស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង (H.E Vanlalvawna Bawitlung) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌា ប្រចាំ កម្ពុជាបានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ អនុញ្ញាតក្នុងការរៀបចំទិវាស្តង់ម្ហូបអាហារមួយកន្លែងនៅរាជធានីភ្នំពេញ។ ទិវានេះនឹងមានការសហការចូលរួម ពីបណ្ដាប្រទេសជាច្រើន មានទាំងប្រទេសថៃ ឡាវ កម្ពុជា វៀតណាម និង មីយ៉ាម៉ា ដោយគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២២ មិនាឆ្នាំ២០២៥ ខាងមុខនេះ ។
ការស្នើបែបនេះរបស់ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង បានធ្វើឡើងនារសៀលថ្ងៃទី០៤ ខែមិនានេះ ខណៈឯកឧត្តម ចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង លើកឡើងថា ប្រជាពលរដ្ឋជនជាតិឥណ្ឌា បានមករស់នៅធ្វើការ រកស៊ី នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ៥០០០នាក់ ហើយពួកគាត់ភាគច្រើនរស់នៅនិងរកស៊ីនៅរាជធានីភ្នំពេញ។
ឯកឧត្ដម ពិតជាថ្លែង នូវការអរគុណចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរក្សាសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋឥណ្ឌាដែលរស់នៅរាជធានីភ្នំពេញ ក៏ដូចជាការថែរក្សាសន្តិសុខសុវត្ថិភាពជូនស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជាបានល្អប្រសើរ។
ជុំវិញការស្នើសុំរបស់ ឯកឧត្តម វ៉ាន់ឡុលវ៉ាណា បាវីតលុង លើការធ្វើទិវាម្ហូបអាហារនៅរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានឯកភាព ជាមួយនិងការអនុញ្ញាតឲ្យមានការរៀបចំពិធីនេះ នៅមុខវត្តឧណ្ណាលោម ស្របពេលដែលអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងបង្កើតឱ្យមានផ្លូវថ្មើរជើង Walk Street នៅទីតាំងខាងលើនេះដែរ ដែលបង្កលក្ខណៈងាយស្រួលទៅដល់ការរៀបចំពិធីម្ហូបអាហារខាងលើដំណើរការទៅបានស្រួល។
ឯកឧត្ដមបញ្ជាក់ផងដែរថា ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោយពីបង្កើតឲ្យមានផ្លូវថ្មើរជើង Walk Streetបានធ្វើឲ្យកំណើនប្រជាពលរដ្ឋក៏ដូចភ្ញៀវទេសចរណ៍កើនឡើងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយអាចទទួលបានភ្ញៀវជាតិ អន្តរជាតិ ប្រមាណ ៤ទៅ៥ម៉ឺននាក់ក្នុងមួយថ្ងៃ។ ឯកឧត្ដមសង្ឃឹមថា នៅពេលស្ថានទូតរៀបចំឲ្យមានការទិវាម្ហូបអាហារនៅទីតាំងនេះ វានឹងធ្វើឲ្យកំណើនភ្ញៀវទេសចរណ៍កើនឡើងថែមទៀត ៕
ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ




