សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅបន្ត របស់ក្រសួងការបរទេស

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ។

សូមជម្រាបថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ រយៈពេលពីរថ្ងៃ ដោយបានចាប់ផ្ដើមដំណើរការនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ក្រោមវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា សមិទ្ធផលធំៗជាច្រើន ក្នុងវិស័យការទូត ដែលសម្រេចបានមកទល់ពេលនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានពីការចង្អុលបង្ហាញ និងពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងកិច្ចសហប្រតិបត្តិ ការយ៉ាងជិតស្និទ្ធ ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានសម្តែង នូវអំណរគុណដ៏ស្មោះស្ម័គ្រ និងជ្រាលជ្រៅបំផុត ចំពោះការគាំទ្រដែលមិនអាចកាត់ថ្លៃបាន របស់សម្តេចទាំងទ្វេ ដែលជាមេដឹកនាំកំពូល របស់កម្ពុជាយើង និងរបស់ថ្នាក់ដឹកនាំ មន្ត្រីទាំងឡាយ នៃក្រសួង-ស្ថាប័ន ជាដៃគូទាំងអស់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា៖ កម្ពុជា មានភ័ព្វសំណាងធំណាស់ ដែលបុព្វបុរស របស់យើងបានបន្សល់ទុកនូវកេរ្តិ៍មរតកវប្បធម៌ប្រវត្តិ សាស្ត្រ និងអរិយធម៌ដ៏រុងរឿងតាំងពីសម័យអង្គរមក ដល់សព្វថ្ងៃនេះ។ ក្នុងស្មារតីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណ យ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារការទូតសេដ្ឋកិច្ច ដែលបានខិតខំស្រាវជ្រាវ ចងក្រង នូវសៀវភៅ ស្តីពីម្ហូបខ្មែរ ដែលបានទទួលរង្វាន់ ៤ ដង ក្នុងការ ប្រកួតប្រជែងសៀវភៅម្ហូបអាស៊ីនៅលើពិភពលោក ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះ ប្រកាសចេញផ្សាយជាផ្លូវការ សៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ ២ (The Taste of Angkor II)»។ សៀវភៅនេះ ត្រូវបានធ្វើបច្ចុប្បន្នភាព និងមានបន្ថែមមុខម្ហូបកាន់តែច្រើន បន្ទាប់ពីសៀវភៅ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ១» របស់យើង បានបង្ហាញពីលក្ខណៈពិសេសដោយឡែក អំពីវប្បធម៌ដ៏រុងរឿងនៃមុខម្ហូបខ្មែរ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ហើយស្ថិតក្នុងចំណោមវប្បធម៌ មុខម្ហូប ដែលមានវ័យចំណាស់បំផុតក្នុងពិភពលោក ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងការពេញចិត្តចំពោះការប្តេជ្ញាចិត្តដ៏មោះមុតរបស់ថ្នាក់ដឹកនាំក្រសួង ដោយមានការគាំទ្រពីមន្ត្រីគ្រប់ជាន់ថ្នាក់ ក្នុងការបន្តកំណែទម្រង់ផ្ទៃក្នុង ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងសម្រួចការងារការទូត ក្នុងការការពារផលប្រយោជន៍គោលរបស់ជាតិ និងលើកកម្ពស់កិត្យានុភាព កិត្តិនាមរបស់កម្ពុជា ក្នុងឋានៈជាប្រទេសមួយស្មើមុខ ស្មើសិទ្ធិ លើឆាកតំបន់ និងអន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner