មេដឹកនាំ Greenland ទាត់ចោលជាថ្មីបំណងលេបយកកោះខ្លួនរបស់លោក Trump
ហ្គ្រីនលែន ៖ នាយករដ្ឋមន្ត្រីកោះ Greenland លោក Mute Egede នៅថ្ងៃពុធនិយាយថា ប្រជាជនកោះរបស់លោកមិនចង់ផ្ញើអនាគតរបស់ពួកគេជាមួយសហរដ្ឋអាមេរិក ឬសូម្បីតែប្រទេសដាណឺម៉ាកឡើយ។
លោក Egede បានបង្ហោះសារនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា យើងមិនចង់ក្លាយជាជនជាតិអាមេរិក ឬ ដាណាម៉ាកទេ។ ពួកយើងគឺជាប្រជាជនហ្គ្រីនលែន… ជនជាតិអាមេរិក និងមេដឹកនាំរបស់ពួកគេត្រូវតែយល់ច្បាស់អំពីរឿងនេះ។
លោក Egede បន្ថែមថា យើងមិនមែនសម្រាប់លក់ទេ ហើយក៏មិនអាចយកបានដោយងាយស្រួលដែរ។ អនាគតរបស់យើងត្រូវសម្រេចដោយខ្លួនពួកយើងផ្ទាល់នៅ Greenland។
ជាថ្មីម្តងទៀត មេដឹកនាំ Greenland រូបនេះ បានច្រានចោលមហិច្ឆិតារបស់លោកប្រធានាធិបតី Trump ក្នុងការបញ្ចូលកោះដែលមានប្រជាជនតិច ប៉ុន្តែសំបូរទៅដោយសារធាតុរ៉ែ និងជាតំបន់យុទ្ធសាស្ត្រនេះ នៅក្នុងសុន្ទរកថាមួយទៅកាន់សភាអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ។
បើតាមការអះអាងរបស់លោក Trump អាមេរិកនឹងថែរក្សាអ្នក (ប្រជាជន Greenland) ឱ្យមានសុវត្ថិភាព… យើងនឹងធ្វើឱ្យអ្នកក្លាយជាអ្នកមាន… ហើយរួមគ្នា ធ្វើឲ្យ Greenland កាន់តែរីកចម្រើនដូចដែលអ្នកមិនធ្លាប់គិតពីមុនមក៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
