សមយុទ្ធអាមេរិក-កូរ៉េ ទម្លាក់គ្រាប់បែកខុសកន្លែង ធ្លាក់ចំផ្ទះប្រជាជន
បរទេស៖ អំឡុងពេលសមយុទ្ធហ្វឹកហ្វឺនរួមគ្នា ជាមួយសហរដ្ឋអាមេរិក យន្តហោះយោធាកូរ៉េខាងត្បូង បានទម្លាក់គ្រាប់បែក ចំនួន ៨គ្រាប់ ខុសកន្លែង បំផ្លាញផ្ទះចំនួនពីរខ្នង និងព្រះវិហារមួយកន្លែង ស្ថិតក្នុងភូមិមួយ នៃទីក្រុង Pocheon បណ្តាលឲ្យមនុស្សរបួស ធ្ងន់ ស្រាល ចំនួន១៥នាក់ នេះបើយោងតាមកងទ័ពអាកាសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះ ចុះផ្សាយដោយកាសែត CNA។
កងទ័ពបាននិយាយថា យន្តហោះចម្បាំងមួយគ្រឿងរបស់ខ្លួន បានទម្លាក់គ្រាប់បែក MK-82 ចេញពីយន្តហោះ KF-16 ខុសបច្ចេកទេស នៅម៉ោងប្រហែល ១០ព្រឹក ថ្ងៃទី៦ ខែមីនានេះ។ កងទ័ពអាកាសបានចេញ សេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយយ៉ាងខ្លាំង ហើយ
ខ្លួនបាននិយាយថា បង្កើតគណៈកម្មាធិការឆ្លើយតបគ្រោះថ្នាក់ ដើម្បីស៊ើបអង្កេតឧបទ្ទវហេតុនេះ។
កងទ័ពអាកាសបាននិយាយថា យន្តហោះយោធាបាននិងកំពុង ចូលរួមនៅក្នុងសមយុទ្ធបាញ់គ្រាប់ពិត រួមគ្នាមួយជាមួយសហរដ្ឋអាមេរិក នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap។
អ្នកស្រុកម្នាក់ ដែលផ្តល់ តែនាមត្រកូល Park បានប្រាប់ Yonhap ថា គេបានឃើញគ្រាប់បែកធ្លាក់ ពេលកំពុងនៅផ្ទះ មើលទូរទស្សន៍។ លោក បាននិយាយថា «ភ្លាមៗនោះ ខ្ញុំបានឮការផ្ទុះដ៏ធំសម្បើមមួយ ដូចជាផ្គរលាន់ ហើយផ្ទះទាំងមូល ញ័រ។ នៅពេលដែលខ្ញុំចេញ ទៅខាងក្រៅ អ្វីៗទាំងអស់ ស្ថិតក្នុងភាពវឹកវរ៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត