រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ ស្ត្រីកំពុងដើរតួនាទីយ៉ាងសំខាន់
ព្រះវិហារ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា ស្ត្រី កំពុងដើរតួនាទីយ៉ាងសំខាន់។យើងពិតជាមានមោទនភាពណាស់ដែលក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ដឹកនាំច្រើនជានារីនៅនីតិកាលទី៧នេះ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ក្រោមប្រធានបទ “សិទ្ធិ សមភាព និង ភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នាចុងសប្ដាហ៍នេះក្នុងបរិវេណតំបន់ប្រវត្តិសាស្រ្តយោធាប្រាំមករា ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានគូសរំលេចថា បើគិតពីក្របខ័ណ្ឌកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ យោធិននារី នៃកងយោធពលខេមរភូមិន្ទ ជាប់ចំណាត់ថ្នាក់លេខ ១៣ ក្នុងចំណោម ១២០ ប្រទេស ។ក្នុងនាមក្រសួងការពារជាតិ ពិតជាគំាទ្រចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនយោធិននារី ដែលបានលះបង់កំលាំងកាយចិត្តក្នុងការបំពេញភារកិច្ចស្នូលជូនជាតិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។
សូមជម្រាបថា ក្នុងទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៥ ក្រសួងការពារជាតិបានរៀបចំដំណើរទស្សនកិច្ចរបស់យោធិននារី នៃកងយោធពលខេមរភូមិន្ទប្រមាណ៥០០ នាក់មកកាន់តំបន់ប្រវត្តិសាស្រ្តយោធា៥មករា (ជើងភ្នំប្រាសាទព្រះវិហារ) ស្ថិតនៅភូមិធម្មជាតិសម្តេចតេជោ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារផងដែរ៕
ដោយ៖សួន លីណា










