លោកជំទាវ ហ៊ុន ម៉ាណា ដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារដោយមិនគិតថ្លៃ
ព្រះវិហារ៖លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យនិងព្យាបាល ជំងឺជូនកងទ័ព គ្រួសារកងទ័ពវរសេនាតូចអន្តរាគមន៍លេខ៣៨១ របស់ទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងប្រជាពលរដ្ឋ នៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារដោយមិនគិតថ្លៃ។
ក្នុងកម្មវិធីកាលពីថ្ងៃទី៩ ខែមីនា លោកជំទាវ ហ៊ុន ម៉ាណា បានទទួលដោយកក់ក្តៅពីឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ និងឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍ លេខ៨ ។
ក្នុងពិធីនេះដែរលោកជំទាវ ហ៊ុន ម៉ាណា បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវក៏បានថ្លែងអំណរគុណអាជ្ញាធរនៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្របសម្រួលដល់ប្រជាពលរដ្ឋ បានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ។
សូមជម្រាបថា មុនទទួលការពិនិត្យសុខភាព ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹកផងដែរ។ក្រុមវេជ្ជសាស្ត្រ សម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវាព្យាបាលនិងចែកជូន វែនតា សម្លៀកបំពាក់ជូនសម្រាប់លោកយាយ លោកតា,សម្ភារៈសិក្សាសម្រាប់សិស្សានុសិស្សព្រមទាំងរទេះរុញសម្រាប់ជន ពិការចំនួន ១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕
ដោយ៖សួនលីណា








