Hamas ផ្តើមគាំទ្រលោក Trump ជុំវិញការច្បាមយក Gaza

បរទេស៖ ជារឿងដ៏កម្រ ដែលក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានចាប់ផ្តើមប្រកាសគាំទ្រជំហរ របស់លោកប្រធាធិបតី សហរដ្ឋអាមេរិក Donald Trump ជុំវិញការចង់វាតទី យកតំបន់ ហ្គាហ្សា របស់ប៉ាឡេស្ទីន មកគ្រប់គ្រង ដោយសហរដ្ឋអាមេរិកផ្ទាល់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Al Jazeera កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ហាម៉ាស់គាំទ្រចំពោះការលើកឡើងរបស់លោក Trump ដែលថា នឹងពុំមានការបណ្តេញជនជាតិប៉ាឡេស្ទីនជាង២លាននាក់ ចេញពីតំបន់ហ្គាហ្សា ដែលកំពុងហែកហួរដោយសង្គ្រាម រវាងអ៊ីស្រាអែល និងពួកហាម៉ាស់ នោះទេ។ ការណ៍នេះ គឺខុសប្លែកពីគ្រាមុន ដែលលោក Trump ធ្លាប់អះអាងថា នឹងបណ្តេញចេញ ដើម្បីងាយស្រួលគ្រប់គ្រង អភិវឌ្ឍន៍ឡើងវិញ ជាមួយនឹងផែនការបង្កើតការងារ រាប់ពាន់កន្លែង។

អ្នកនាំពាក្យ ក្រុមហាម៉ាស់ លោក Hazem Qassem បាននិយាយថា សម្តីរបស់លោក Trump បែបនេះ បង្ហាញពីការបន្ធូរបន្ថយភាពតានតឹង ហើយ ហាម៉ាសសូមគាំទ្រជំហរនេះ។ ក្រៅពីនេះ លោកបានបន្ថែមទៀតថា ហាម៉ាស់ ក៏អំពាវនាវឲ្យអ៊ីស្រាអែលអនុវត្តនូវលក្ខខណ្ឌ ទាំងឡាយណា ដែលអាចនាំឲ្យមានបទឈប់ ជាបន្តបន្ទាប់ទៀត នៅហ្គាហ្សាផងដែរ។

គួររម្លឹកថា ក្នុងពេលទទួលជួបនាយករដ្ឋមន្ត្រី ប្រទេសអៀរឡង់ នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោក Donald Trump បាននិយាយថា «ពុំមានជនជាតិប៉ាឡេស្ទីនណាម្នាក់ នឹងត្រូវបានបណ្តេញចេញពីតំបន់ហ្គាហ្សានោះទេ»។

ការលើកឡើងបែបនេះ បានកើតមានឡើង ក្រោយពេលដែលក្រុមប្រទេសអារ៉ាប់ បានកោះប្រជុំ ត្រៀមកញ្ចប់ថវិកា ជាង៥០ពាន់លានដុល្លារ ដើម្បីស្តារតំបន់ហ្គាហ្សាឡើងវិញ ដើម្បីទប់ស្កាត់ផែនការរបស់លោក Trump ដែលចង់ត្រួតត្រា។ ថ្មីៗនេះ លោក Trump ថែមទាំងបង្កើតវីដេអូ AI អួតអាង ពីការប្រែក្លាយតំបន់ហ្គាហ្សា ដែលមានគំនរអគារបាក់បែក លេចចេញជារមនីយដ្ឋានឆ្នេរសមុទ្រ ដ៏ប្រណិត ទៀតផង៕

ប្រភពពី Al Jazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner