កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន

នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារ ពាក់ព័ន្ធ ដូចខាងក្រោម៖
១.ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.១៦៦.០០០.០០០ យ៉េន (ប្រមាណ ៨,៣ លានដុល្លារអាមេរិក) សម្រាប់គម្រោងពង្រឹងសមត្ថភាពរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លើការហ្វឹកហ្វឺន ក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូង-ត្បូង និង២. ហិរញ្ញប្បទានឥតសំណងបន្ថែមរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន ៣០០.០០០.០០០ យ៉េន (ប្រមាណ ២,១ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត គម្រោងសាងសង់អគារហ្វឹកហ្វឺន និងផ្សព្វផ្សាយអប់រំ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជា។

ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងទាំងពីរខាងលើ នឹងរួមចំណែកដល់យុទ្ធសាស្ត្រ ជាតិសកម្មភាពបោសសំអាតមីនរបស់កម្ពុជាឆ្ពោះទៅសម្រេចបាននូវគោលដៅប្រទេសកម្ពុជាគ្មានមីន នៅឆ្នាំ២០៣០ ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការបន្តគាំទ្រដល់ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅព្រះរាជាណាចក្រកម្ពុជាកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ក្រសួងការបរទេស

ads banner