កូរ៉េខាងជើងសម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ
ព្យុងយ៉ាង ៖ កូរ៉េខាងជើងបានសម្ញែងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលកំពុងសាងសង់ជាលើកដំបូង ដែលវាជាប្រព័ន្ធសព្វាវុធអាចបង្កការគំរាមកំហែងដ៏ធំដល់សន្តិសុខកូរ៉េខាងត្បូង និងអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA ថ្មីៗនេះបានហៅវាថា ជា “នាវាមុជទឹកដឹកនាំមីស៊ីលបញ្ជាទិសយុទ្ធសាស្ត្រដើរដោយថាមពលនុយក្លេអ៊ែរ” នៅពេលរាយការណ៍អំពីដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់ទីតាំងផលិតនាវាចម្បាំង។
លោក Moon Keun-sik អ្នកជំនាញខាងនាវាមុជទឹកកូរ៉េខាងត្បូង ដែលបង្រៀននៅសាកលវិទ្យាល័យ Hanyang ក្នុងទីក្រុងសេអ៊ូល និយាយថា នាវាមុជទឹករបស់កូរ៉េខាងជើងនេះ ទំនងជាមានទម្ងន់ពី ៦,០០០ ឬ ៧,០០០ តោន ដែលអាចផ្ទុកមីស៊ីលមីស៊ីលបញ្ជាទិសយុទ្ធសាស្ត្របានប្រហែល ១០ គ្រាប់។
កូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថា មាននាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតពី ៧០ ទៅ ៩០ គ្រឿង។ ពួកវាភាគច្រើនមានសភាពចាស់ទ្រុពទ្រោម ដែលអាចត្រឹមបាញ់គ្រាប់ធម្មតាៗប៉ុណ្ណោះ មិនមែនមីស៊ីលទេ។
នៅឆ្នាំ ២០២៣ កូរ៉េខាងជើងបានអះអាងថា នឹងចាប់ផ្តើមដំណើរការនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រលើកដំបូងរបស់ខ្លួន ប៉ុន្តែអ្នកជំនាញបរទេសបានសង្ស័យលើការប្រកាសនេះ ហើយបានប៉ាន់ស្មានថា វាទំនងជានាវាមុជទឹកដើរដោយថាមពលម៉ាស៊ូតដែលបានបង្ហាញនៅឆ្នាំ ២០១៩៕
ប្រភព ៖ CNN ប្រែសម្រួល ៖ ឈឹម ទីណា
