សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ

(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារ​សិក្សា ខ្លោងទ្វារ និងសមិទ្ធផលដទៃទៀតនៅវិទ្យាល័យ ហ៊ុន សែន សេរីភាពក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា សមិទ្ធផលដែលត្រូវសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ក្នុងឱកាសនេះ រួមមាន៖ អគារសិក្សា ១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣០បន្ទប់ ខ្លោងទ្វារ និងសមិទ្ធផលមួយចំនួនទៀត។ សមិទ្ធផលទាំងនេះ គឺជាចំណងដៃថ្មីបន្ថែមទៀតសម្រាប់វិស័យអប់រំនៅក្នុងខេត្តកណ្តាល និងជាពិសេសសម្រាប់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋទាំងអស់ជាអាណាព្យបាលសិស្សនៅក្នុងក្រុងតាខ្មៅផ្ទាល់ ។

ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតនៅក្នុងភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល នៅលើផ្ទៃដីសរុបប្រមាណ ១៩.១៤៤ម៉ែត្រការ៉េ។ សាលារៀននេះមានកំណើតតាំងពីឆ្នាំ១៩៨០ មានឈ្មោះថា «សាលាសិក្សាកំរិត២ទីរួមខេត្ត» បង្កើតនៅក្រោយថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយធ្លាប់បានប្រជាជនដាក់ឈ្មោះថា «សាលាលិចទឹក» ព្រោះស្ថិតនៅលើដីទំនាបដែលមានតែអគារទ្រុឌទ្រោម ។ សាលារៀននេះបានប្តូរពីអនុវិទ្យាល័យទៅជាវិទ្យាល័យនៅឆ្នាំសិក្សា២០០៤-២០០៥ ដែលមានឈ្មោះថា វិទ្យាល័យ «ហ៊ុន សែន សេរីភាព» ក្រោមការដឹកនាំរបស់លោក ហ៊ុយ សុខា ជានាយកវិទ្យាល័យ និងបច្ចុប្បន្នគណៈគ្រប់គ្រងវិទ្យាល័យដឹកនាំដោយលោកនាយក ម៉ម សុធានី ។

ឯកឧត្តម គួច ចំរើន បានបន្តថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ វិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្រូសរុបចំនួន ២៤១នាក់ (ស្រី ១១៥ នាក់) មានសិស្សសរុបចំនួន ៤,៧៨៥នាក់ (ស្រី ២,៥១២នាក់) ចែកចេញជា ៨៤ថ្នាក់ និងមានអគារ ១០ខ្នង ស្មើនឹង ១២០បន្ទប់ (ក្នុងនោះអគារសម្តេចតេជាមាន ៦ខ្នង ស្មើ ៦៣បន្ទប់) និងមានអគារសម្រាប់ការបង្រៀន អគារការិយាល័យ បន្ទប់ប្រជុំ បណ្ណាល័យ បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រ បន្ទប់សម្ភារៈ បន្ទប់រៀបចំអាហារសម្រន់ បន្ទប់សម្លេង អាហារដ្ឋាន បន្ទប់ទឹក និងកន្លែងលាងដៃជាដើម ។ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សិស្សមកប្រឡង ៥៧៥ នាក់ (ស្រី ៣០៩ នាក់) សិស្សប្រឡងជាប់សរុប ៣៨៤ នាក់ ស្មើនឹង ៦៦.៧៨% (ស្រី ២០៣ នាក់ ស្មើនឹង ៦៥.៧០%) ក្នុងនោះបាននិទ្ទេស A សរុប ២៥ នាក់ (ស្រី ១១នាក់) ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner