បណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រមយុទ្ធគុនចម្រុះ ត្រៀមពានរង្វាន់សម្តេចធិបតី
(ភ្នំពេញ)៖ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចធិបតី» បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រម នៅសាលាកីឡាគុណធម៌ ដើម្បីត្រៀមកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្ដេចធិបតី លើកទី២ ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។
ឯកឧត្ដម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការចំពោះកិច្ច មានប្រសាសន៍ថា វគ្គដ៏សំខាន់នេះ ត្រូវបានធ្វើឡើង ដើម្បីពង្រឹងសមត្ថភាព និងការអនុវត្តឱ្យបានត្រឹមត្រូវ ល្អប្រសើរ និងពិនិត្យចំណុចខ្វះខាតពីការរៀបចំការប្រកួតឆ្នាំមុន ដើម្បីដោះស្រាយនាពេលនេះ ក៏ដូចជាអភិវឌ្ឍចំណេះដឹងដែលមានលក្ខណៈវិទ្យាសាស្ត្រក្នុងការរៀបចំបទបញ្ជាការប្រកួតកាន់តែល្អជាងមុន។
ឯកឧត្ដមបន្ថែមថា វគ្គនេះមានអាជ្ញាកណ្ដាលចៅក្រមមកពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សហព័ន្ធកីឡាយុទ្ធក្រមខម សហព័ន្ធកីឡាចំបាប់កម្ពុជា សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា សរុប ៦០រូប។ វគ្គនេះនឹងមានការប្រឡងប្រជែងក្នុងការទទួលយកសញ្ញាបត្រវគ្គអាជ្ញាកណ្ដាលកម្រិតទី១ មិនមែនឱ្យតែមករៀន ដឹងតែជាប់នោះទេ៕
ដោយ ៖ ជាវ ចន្ធូ








