លទ្ធផល កិច្ចប្រជុំពិភាក្សាទេ្វភាគីរវាង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ជាមួយ ក្រសួងដឹកជញ្ជូន និងសារគមនាគមន៍ នៃទីម័រឡេស្តេ

(ទីក្រុងឌីលី) ៖ ចាប់ពីថ្ងៃទី18-22 ខែមីនា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម កែវ សុទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. កម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និបាតអន្តរជាតិស្ដីពីការទាញយកផលប្រយោជន៍ពីបរិវត្តកម្មឌីជីថល ដើម្បីពង្រឹងសេវាសាធារណៈ ៖ ការជំរុញតម្លាភាព ប្រសិទ្ធភាព និងប្រសិទ្ធផល “Harnessing Digital Transformation to Strengthen Public Services: Advancing Transparency, Efficiency, and Effectiveness”។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម Francisco Kalbuadi Lay ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៅទីក្រុងឌីលី សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ។

ឯកឧត្តម កែវ សុទ្ធិ រួមជាមួយ ឯកឧត្តម ជាង វុត្ថា និង ឯកឧត្តម ចាន់ទី សុធី អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) បានធ្វើបទបង្ហាញអំពីដំណើរបរិវត្តកម្មឌីជីថល នៅកម្ពុជា និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ជូនឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu និងថ្នាក់ដឹកនាំដែលអញ្ជើញមកពីបណ្ដាក្រសួង ស្ថាប័ន និងវាគ្មិនដែលមកពីបណ្ដាប្រទេសមួយចំនួន រួមមាន អូស្ត្រាលី ឥណ្ឌូណេស៊ី វៀតណាម និងដៃគូតំបន់ជាច្រើនទៀត។

សូមរំលឹកផងដែរថា កាលពីថ្ងៃទី20 ខែមករា ឆ្នាំ2025 នៅខេត្តសៀមរាប មានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបរិវត្តកម្មឌីជីថល ហើយក្រសួងទាំងពីរបាននិងកំពុងសហការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov នៅសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ ដូចនេះ ឆ្លៀតក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ អ្នកជំនាញបច្ចេកទេសនៃ ក្រសួងប្រៃសណីយ៍ កម្ពុជា ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ និងភាគីពាក់ព័ន្ធ បានជួបពិភាក្សានិងសិក្សាលម្អិតអំពីការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl។

បន្ទាប់ពីពិភាក្សាលម្អិតនិងធ្វើការវាយតម្លៃអំពីតម្រូវការនៃការងាររបស់សាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេរួចមក ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ សម្រេចដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរ និងវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីយានជំនិះដែលចេញដោយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍។ ជាមួយគ្នានេះ ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ បាននិងកំពុងសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សាបន្ថែមអំពីការដាក់ឱ្យប្រើថ្នាល verify.gov.tl ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ដែលចេញដោយក្រសួងអប់រំ និងសញ្ញាបត្រឧត្តមសិក្សា ដែលចេញដោយក្រសួងអប់រំកម្រិតឧត្តមសិក្សា និងវិទ្យាសាស្ត្រនៃសាធារណរដ្ឋប្រជាធិតេយ្យទីម័រឡេស្តេ។

ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ត្រូវបានមើលឃើញថា ជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថលថ្មីរបស់ពិភពលោក ដែលស្ថាប័នអន្តរជាតិមួយចំនួន រួមមាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធនាគារពិភពលោក (World Bank) មូលនិធិ Co-Develop និងសម្ព័ន្ធភាពផលិតផលសាធារណៈឌីជីថល (Digital Public Goods Alliance) និងយុទ្ធនាការ 50-In-5 បានលើកទឹកចិត្តឱ្យប្រទេសផ្សេងៗពិចារណាប្រើប្រាស់ថ្នាលនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនិងតម្លាភាព នៃការផ្តល់សេវាសាធារណៈដល់ធុរកិច្ច និងប្រជាពលរដ្ឋ ដែលធ្វើឱ្យថ្នាលរបស់កម្ពុជាមួយនេះ រឹតតែទទួលបានការចាប់អារម្មណ៍ពីបណ្ដាប្រទេសមួយចំនួនបន្ថែមទៀត ហើយ ក.ប.ទ. នឹងសហការជាមួយបណ្ដាប្រទេសទាំងនោះ ដើម្បីជួយដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov ជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលផ្លូវការរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថល ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវបានធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មនៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner