សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ
(ខេត្តព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងថា “វិស័យអប់រំក្នុងខេត្តព្រះសីហនុក្នុងឆ្នាំសិក្សា២០២៤-២០២៥ មាន គ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន១០២ ក្នុងនោះ មត្តេយ្យសិក្សាដាច់ដោយឡែក ចំនួន៣ សាលាបឋមសិក្សាចំនួន៧១ អនុវិទ្យាល័យ និងវិទ្យាល័យចំនួន២៨ សាលាឧបសម្ព័ន្ធ ចំនួន២ និងសាលាគរុកោសល្យវិក្រឹត្យការខេត្តចំនួន១។ បុគ្គលិកអប់រំសរុបចំនួន ២ ១២៨នាក់ ស្រី ១០០៨នាក់ សិស្សដែលបានចុះឈ្មោះចូលរៀនសរុបចំនួន ៥៣ ៦១៦នាក់ ស្រី ២៦ ៣៦៩នាក់។ចំពោះគ្រឹះស្ថានសិក្សាឯកជនចំណេះទូទៅមានចំនួន៣៧ បុគ្គលិកសរុបចំនួន ៩៥៨នាក់ស្រី៥៨៩នាក់ សិស្សដែលបានចុះឈ្មោះចូលរៀនមានចំនួន ១២ ០៦៨នាក់ ស្រី ៥ ៩១៩នាក់ ។
ឯកឧត្តមគណៈអភិបាលខេត្តព្រះសីហនុបានបញ្ជាក់ថា “នៅក្នុងខេត្តព្រះសីហនុអគារដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនវិស័យអប់រំសរុបចំនួន ៩៤អគារ ស្មើនឹង ១ ១០៣បន្ទប់ ក្នុងនោះនៅក្នុងវិទ្យាល័យមានចំនួន ១៣អគារស្មើនឹង២៨៤បន្ទប់ នៅក្នុងអនុវិទ្យាល័យមានចំនួន៤អគារ ស្មើនឹង ៥៣បន្ទប់ និងនៅក្នុងសាលាបឋមសិក្សាមានចំនួន ៤៣អគារ ស្មើនឹង៤៣០បន្ទប់ អគារទីចាត់ការមានចំនួន ២០អគារស្មើនឹង ៦០បន្ទប់ អគារស្នាក់នៅមាន ចំនួន១១អគារ ស្មើនឹង ២៤០បន្ទប់ អគារកាត់ដេរមានចំនួន ២អគារ ស្មើនឹង ៤បន្ទប់ និងនៅសាលាគរុកោសល្យ-វិក្រឹត្យការខេត្តមានចំនួន ១អគារស្មើនឹង៣២បន្ទប់ ។ គិតមកដល់បច្ចុប្បន្ននេះ អគារដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចមានចំនួន ៤២អគារ ស្មើនឹង ២២២បន្ទប់ ហើយដោយឡែកអគារដែលមិនទាន់បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមានចំនួន ៥២អគារស្មើនឹង ៨៨១បន្ទប់ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ សកម្មភាព វិធានការចាំបាច់នានា និងកំណត់នូវក្របខណ្ឌសមិទ្ធកម្ម ដែលរួមមានសូចនាករគន្លឹះ គោលដៅ និងវិធីសាស្ត្រវាស់វែងវឌ្ឍនភាព ដេីម្បីពង្រឹងគុណភាពអប់រំសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សា ប្រកបដោយស័ក្តសិទ្ធភាព ប្រសិទ្ធភាព និងសមិទ្ធកម្មតាមរយ: ១/ ការពង្រឹងអភិបាលកិច្ចសាលារៀន, ២/ ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបទសិស្ស, ៣/ ការយកចិត្តទុកដាក់លេីសុខភាពសិស្ស តាមរយៈ កម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង៤/ ការជំរុញ និងលេីកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក “ភាពជាដៃគូរដ្ឋ និងសហគមន៍ដេីម្បីការអប់រំ” ៕






អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វេង លីមហួត ,សួង ពិសិដ្ឋ