ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ មាន ៦០ក្រុមចូលរួម

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ រហូតដល់ថ្ងៃ ទី៣០ ខែមីនា ឆ្នាំ២០២៥ នៅក្លឹបវាយសី នរា ស្ថិតនៅកោះ នរា ដោយមាន ៦០ក្រុមចូលរួម ​មានប្រាក់រង្វាន់សរុប ២០ លានរៀល និងបើកឱ្យចូលទស្សនាដោយសេរី ។

មុនការប្រកួតមកដល់ ក៏មានការរៀបចំសន្និសីទ សារព័ត៌មាន ស្តីពីការប្រកួតវាយសី ពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី២៧មីនា ក្រោមការចូលរួមពី លោកឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន RTNK GROUP, លោក យ៉ាន់ យុទ្ធ តំណាងគណះកម្មការប្រតិបត្តិរៀបចំការប្រកួត, លោក វ៉ាន់ ចាន់សុភក្ត្រា ដែលជាក្រុមបច្ចេកទេស នៃការប្រកួត រួមនឹងក្រុមកីឡាករ កីឡាការីនីជាច្រើនរូបទៀត ។

លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានមានប្រសាសន៍ថា ការប្រកួតវាយសីនេះ គឺ ជាការបង្កើតឱកាសថ្មីៗបន្ថែមទៀត សម្រាប់យុវជនកម្ពុជា ក្នុងការជួបជុំ រឹតចំណងមិត្តភាព បង្កើនកិច្ចសហប្រតិបត្តិការ និងដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ក្រោមប្រធានបទ “មនុស្សម្នាក់ លេងកីឡាមួយប្រភេទ” និងចូលរួមជាសកម្មភាព បំផុសគំនិតដល់យុវជន ចូលរួមលេងកីឡា ស្របតាមអនុសាសន៍ប្រមុខរាជរដ្ធាភិបាល “កីឡារស់ ក្រោមសន្តិភាព” ហើយការរៀបចំការប្រកួតវាយសីនេះ ក៏ជាការជំរុញទឹកចិត្តយុវជន ដែលមិនមែនជាកីឡាករអាជីព ឱ្យលេងកីឡា ដើម្បីសុខភាព ។

លោកឧកញ៉ា បានបន្តថា កីឡា ក៏បានរួមចំណែកអប់រំ ស្មារតីយុវជន ឱ្យប្រើប្រាស់ពេលទំនេរពីការសិក្សា និងពីការងាររបស់ខ្លួនមកលេងកីឡា ជៀសជាងយកពេលទៅប្រព្រឹត្តិ អំពើអបាយមុខផ្សេងៗ ដូចជា ការសេពគ្រឿនញៀនជាដើម ។

តាមរបាយការណ៍បានបង្ហាញថា ការប្រកួតវាយសី ពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ រៀបចំឡើង ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីផ្តល់ឱកាស ឱ្យយុវជនកម្ពុជា អាចបញ្ចេញសមត្ថភាព ទេពកោសល្យក្នុងការលេងកីឡា ដែលជាថ្នាលមួយ សម្រាប់បណ្តុះធនធានបន្តវេន ។

ចំពោះសមាសភាពក្រុម និងកីឡាករ/កីឡាការិនី ចូលរួមប្រកួត មានក្រុមដែលបានដាក់ពាក្យចំនួន ៤វិញ្ញាសារ ស្មើនឹង ៦០ក្រុម ក្នុង ១ក្រុម មានកីឡាករចំនួន ២នាក់ ។ វិញ្ញាសាទាំង៤ នៃការប្រកួត រួមមាន៖ ១-ការប្រកួតវិញ្ញាសា វាយគួរក្រោមអាយុ១៦ឆ្នាំ, ២-ការប្រកួតវិញ្ញាសា វាយគួរក្រោមអាយុ២៥ឆ្នាំ, ៣-ការប្រកួតវិញ្ញាសា វាយគួរចម្រុះបុរស-នារី និង៤-ការប្រកួតវិញ្ញាសា វាយគូរអាយុ២៥ឆ្នាំឡើង ។

ដោយឡែកសម្រាប់ពានរង្វាន់ ប្រាក់ឧបត្ថម្ភ និងមេដាយ នៃការប្រកួតវាយសីពានរង្វាន់ អ ធី អិន ខេឆ្នាំ២០២៥ ក្រុមដែលឈ្នះបានចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ត្រូវទទួលបានដូចខាងក្រោម៖

ជ័យលាភីលេខ១ ទទួលបានពានរង្វាន់ និង មេដាយមាស ប្រាក់ឧបត្ថម្ភ ១លានរៀល និងរ៉ាកែតក ។ ជ័យលាភីលេខ២ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល មេដាយប្រាក់ និង ស្បែកជើង ។ ជ័យលាភីលេខ៣ ទទួលបានប្រាក់ឧបត្ថម្ភ ៦០ម៉ឺនរៀល មេដាយសំរឹត និងកាបូប និងជ័យលាភីលេខ៤ ទទួលបានមេដាយសំរឹតស្ទួន ។

គួរបញ្ជាក់ថា កាលពីខែមករា ឆ្នាំ២០២៥ RTNK Group ទើបតែបានបញ្ចប់នូវព្រឹត្តការណ៍ប្រកួត បាល់ទាត់ ដណ្ដើមពានរង្វាន់ អ ធី អិន ខេ ឆ្នាំ២០២៥ ដែលប្រកបដោយរលូន និងជោគជ័យ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner