វៀតណាមបើកឲ្យក្រុមហ៊ុន SpaceX ផ្ដល់សេវាអ៊ីនធឺណិត ប្រើបានទាំងលើយន្តហោះ និងសមុទ្រ

ហាណូយ ៖ រដ្ឋាភិបាលវៀតណាម ក្នុងថ្ងៃពុធ បានបើកភ្លើងខៀវឱ្យក្រុមហ៊ុន SpaceX របស់កំពូលមហាសេដ្ឋី លោក Elon Musk បើកដំណើរការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink ដោយផ្អែកលើមូលដ្ឋានសាកល្បង ជាមួយនឹងអតិថិជនមានចំនួនកំណត់ត្រឹម ៦០០,០០០ នាក់។

កាសែតបាងកកប៉ុស្តិ៍បានឱ្យដឹងថា ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា នឹងជួយត្រួសត្រាយផ្លូវដល់ SpaceX វិនិយោគលើមូលដ្ឋានសាកល្បងក្នុងសេវាកម្មទូរគមនាគមន៍ ដោយប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណបក្នុងគន្លងទាបនៅទីអវកាស រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ ២០៣១ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលវៀតណាម។

យ៉ាងណា នៅមិនទាន់ច្បាស់ទេ ថាតើ SpaceX បានដាក់ពាក្យសុំអាជ្ញាប័ណ្ណដើម្បីបើកដំណើរការសេវាកម្មរបស់ខ្លួននៅវៀតណាម ដែរឬអត់ទេ? ប៉ុន្តែបើគិតមកទល់ពេលនេះ Starlink មានប្រតិបត្តិការនៅក្នុងទីផ្សារប្រទេសជាង ១២០ នៅទូទាំងពិភពលោករួចហើយ។

សូមរម្លឹកថា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានជំរុញឱ្យមន្ត្រីអនុម័តលើការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប ក្នុងអំឡុងកិច្ចប្រជុំជាមួយមេដឹកនាំធុរកិច្ចអាមេរិកនៅដើមខែនេះ ខណៈដែលប្រទេសអាស៊ីមួយនេះចង់ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក និងបញ្ចៀសការដំឡើងពន្ធរបស់លោកប្រធានាធិបតី Trump។

រដ្ឋាភិបាលវៀតណាមបាននិយាយកាលពីខែកញ្ញាថា ក្រុមហ៊ុន SpaceX ក៏ធ្លាប់បានស្នើសុំការវិនិយោគក្នុងទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារនៅក្នុងប្រទេសវៀតណាមផងដែរ ជាមួយនឹងការផ្តល់សេវាអ៊ីនធឺណិតតាមផ្កាយរណប Starlink របស់ខ្លួន។

ចំណែករដ្ឋសភាវៀតណាម កាលពីខែកុម្ភៈ ក៏បានអនុម័តច្បាប់អនុញ្ញាតឱ្យអាជីវកម្មទូរគមនាគមន៍ដែលគ្រប់គ្រងដោយបរទេស ឬវិនិយោគិនក្រៅស្រុក អាចដំណើរការបច្ចេកវិទ្យាផ្កាយរណបក្នុងគន្លងទាប ដោយផ្អែកលើមូលដ្ឋានសាកល្បងផងដែរ៕

ប្រភព ៖ CNA និង បាងកកប៉ុស្តិ៍ ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner