ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជ​ទូត​អូ​ស្ត្រា​លី កត់សម្គាល់វិជ្ជមានអំពីកិច្ចសហការអនុវត្តច្បាប់

(ភ្នំពេញ)៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បាន​វាយតម្លៃខ្ពស់អំពីដំណើរការនៃកិច្ចសហប្រតិបត្តិការ​អនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និង​នគរបាលសហព័ន្ធអូស្ត្រាលី លើការងារ​ប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើបញ្ហាបទល្មើសបច្ចេក​វិទ្យា អំពើឆបោកតាមប្រព័ន្ធអ៉ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និង​គ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្ត​សញ្ញា​ណ​កម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និង​អូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការ​បានល្អប្រសើរ។ នេះបើតាមលទ្ធផលនៃជំនួបនៅទីស្ដីការ​ក្រសួងមហាផ្ទៃ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមីនា ឆ្នាំ២០២៥ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជំនួប​ជាមួយ ឯកឧត្តមឯកអគ្គរាជទូតនាពេលនេះ ជាការបង្ហាញ​ឱ្យ​ឃើញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការបន្ត​បង្កើន​កិច្ច​សហប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។

ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែង​អំណរ​គុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែល​អនុញ្ញាត​ឱ្យចូលជួបសម្តែងការគួរសម និងសម្តែងនូវការ​ឯកភាពចំពោះការវាយតម្លៃរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហ​ប្រតិបត្តិការរវាងរដ្ឋាភិបាល អូស្ត្រាលី ជាមួយរាជរដ្ឋាភិ​បាល​កម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជាផងដែរ ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបង្ហាញក្ដីសង្ឃឹម​ជឿជាក់ថា តាមរយៈបេសកកម្មកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ជាពិសេសមានជំនឿចិត្តខ្ពស់ថា ភាគីអូស្ត្រាលី នឹងបន្តផ្តល់​ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការ​បណ្តុះ​បណ្តាល ផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់លើការងារ​ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ៕

ដោយ /គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner