មេបញ្ជាការរងកងទ័ពជើងគោក៖ ថ្នាក់ដឹកនាំគ្រប់អង្គភាព ត្រូវក្តាប់ឲ្យបាន រាល់សភាពការណ៍ដែលកើតមានឡើងតាមបណ្តោយព្រំដែន
(ខេត្តព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានធ្វើការ ក្រើនរំលឹក ទៅកាន់នាយទាហាន នាយទាហានរង និងថ្នាក់ដឹកនាំ គ្រប់បណ្ដាអង្គភាពចំណុះ កងពលតូចអន្តរាគមន៍លេខ៨ ត្រូវយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបទវិន័យ លក្ខន្តិកៈទូទៅ របស់កងយោធពលខេមរភូមិន្ទ និងក្តាប់ឲ្យបានរាល់សភាពការណ៍ដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ របស់អង្គភាពខ្លួន ពិសេសចាត់តាំងកម្លាំងបណ្តាកងល្បាតទាំងអស់ ត្រូវបង្កើនការដើរល្បាត ឲ្យបានជាប់ជាប្រចាំក្ដាប់សភាពការណ៍ ស្រាវជ្រាវព័ត៌មាន តាមខ្សែបន្ទាត់ព្រំដែន អនុវត្តតាមបទបញ្ជាថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍។

ប្រសាសន៍ក្រើនរំលឹក របស់ឧត្តមសេនីយ៍ឯក សី្រ ឌឹក នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា ប្រចាំខែមីនា និងដាក់ចេញទិសដៅបន្តការងារយោធា ខែមេសា ឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង ជូននាយទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នារសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨។

ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានបញ្ជាក់ថា ក្នុងនាមជាកងកម្លាំង ត្រូវតែមានភក្ដីភាពស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ការពារឱ្យបានរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ជាកម្លាំងដ៏រឹងមាំរបស់រាជរដ្ឋាភិបាល ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារ បូរណភាពទឹកដី មានឆន្ទៈស្មារតីទទួលខុសត្រូវខ្ពស់ ទប់ស្កាត់រាល់សកម្មភាពនៃការញុះញង់ របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានបំណងធ្វើឱ្យកម្ពុជាមានភាពអសកម្ម លើការអភិវឌ្ឍន៍ប្រទេសជាតិ។

ជាមួយគ្នានោះ ឯកឧត្តម ក៏បានសំដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់អំពីតួនាទីភារកិច្ចចំពោះមុខ របស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នាយ និងពលទាហានទាំងអស់ នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ និងវរសេនាតូចចំណុះ បាននិងកំពុងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនក្នុងភូមិសាស្រ្តទទួលខុសត្រូវរបស់់អង្គភាពខ្លួន។ ពង្រឹងកាងារកសាងលើគ្រប់វិស័យ ពិសេសជំរុំជម្រកស្នាក់នៅរបស់យោធិន និងរក្សាបានសាមគ្គីភាពផ្ទៃក្នុងល្អ មានវិន័យថ្លៃថ្នូរ ហានលះបង់គ្រប់បែបយ៉ាង ដើម្បីការពារថែរក្សា នូវ សន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដី៕
សួន លីណា

