ប្រមុខរបបយោធាមីយ៉ាន់ម៉ានឹងចូលរួមកិច្ចប្រជុំនៅថៃនៅថ្ងៃនេះ
បរទេស៖ ប្រមុខរបបយោធាមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលកិច្ចប្រជុំកំពូលក្នុងតំបន់ ៦ថ្ងៃ បន្ទាប់ពីប្រទេសដែលគ្រប់គ្រងដោយកងកម្លាំងប្រដាប់អាវុធមួយនេះ ត្រូវបានវាយប្រហារ ដោយការរញ្ជួយដី ដ៏សាហាវមួយ។
លោក Min Aung Hlaing នឹងចូលរួមក្នុងការជួបជុំ BIMSTEC ដែលជាប្រទេសចំនួន៧ នៃឈូងសមុទ្រ Bengal ដោយលោកនឹងលើកឡើងពីការឆ្លើយតប ចំពោះគ្រោះរញ្ជួយដីកម្រិត ៧.៧ រិចទ័រ កាលពីថ្ងៃសុក្រ ដែលបានសម្លាប់មនុស្សជិត ៣,០០០នាក់។
ប្រទេសជាច្រើនបានបញ្ជូនជំនួយ និងក្រុមអ្នកជួយសង្គ្រោះ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង សង្គ្រាមស៊ីវិលដ៏រង្គោះរង្គើរបស់ប្រទេសនេះ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែង នាំជំនួយ។
ប្រទេស មីយ៉ាន់ម៉ា បានជាប់នៅក្នុងជម្លោះដ៏ឃោរឃៅ ចាប់តាំងពីឆ្នាំ២០២១ នៅពេលដែលយោធារបស់លោក Min Aung Hlaing បានដណ្តើមអំណាច ពីរដ្ឋាភិបាលស៊ីវិល របស់លោកស្រី Aung San Suu Kyi។
មានសេចក្តីរាយការណ៍ពីការប៉ះទង្គិចគ្នា ជាបន្តបន្ទាប់ សូម្បីតែបន្ទាប់ពីការរញ្ជួយដីក៏មាន។ ប៉ុន្តែ កាលពីថ្ងៃពុធ របបយោធា បានឯកភាពជាមួយក្រុមប៉ះបោរប្រឆាំងរដ្ឋប្រហារ ក្នុងការអំពាវនាវឱ្យមានការផ្អាកជាបណ្តោះអាសន្ន ចំពោះអរិភាព ដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយសង្គ្រោះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត