ក្រុមហ៊ូទីថា អាមេរិកវាយលុកផ្លូវអាកាសស្លាប់ និងរបួស ២០០ នាក់នៅយេម៉ែន
សាណាអា ៖ ចំនួនអ្នកស្លាប់ដោយសារការវាយលុកផ្លូវអាកាសរបស់អាមេរិកទៅលើតំបន់ដែលគ្រប់គ្រងដោយក្រុមហ៊ូទី នៅភាគខាងជើងប្រទេសយេម៉ែន ចាប់តាំងពីថ្ងៃទី១៥ ខែមីនា បានកើនឡើងដល់ ៦១ នាក់ និង ១៣៩ នាក់ទៀតរងរបួស។
ក្រុមហ៊ូទីបាននិយាយនៅថ្ងៃពុធថា ខ្លួនក៏បានធ្វើការវាយប្រហារថ្មីចំនួន ៣លើកទៅលើនាវាផ្ទុកយន្តហោះ USS Harry S. Truman និងនាវាចម្បាំងដែលអមដំណើរនៅសមុទ្រក្រហមភាគខាងជើងក្នុងរយៈពេល ២៤ ម៉ោង។
យោធាអាមេរិកបានចាប់ផ្តើមការវាយលុកផ្លូវអាកាសឡើងវិញនៅថ្ងៃទី១៥ ខែមីនា បន្ទាប់ពីក្រុមហ៊ូទីគំរាមវាយប្រហារលើគោលដៅនាវាមានទំនក់ទំនងជាមួយអ៊ីស្រាអែល លុះត្រាតែជំនួយមនុស្សធម៌បន្ថែមទៀតត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងហ្គាហ្សា។
ចាប់តាំងពីពេលនោះមក ការវាយលុកផ្លូវអាកាសរបស់អាមេរិក បានជំរុញឱ្យក្រុមហ៊ូទីកំណត់គោលដៅវាយប្រហារសងសឹកលើនាវាចម្បាំងអាមេរិកវិញនៅសមុទ្រក្រហម។
ចំណែកកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាបន្តវាយប្រហារក្រុមហ៊ូទី រហូតដល់ពួកគេឈប់វាយប្រហារលើនាវាចម្បាំងអាមេរិក៕



ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា