ខេត្តបាត់ដំបង និង ខេត្តច័ន្ទបុរី ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាង ខេត្តទាំងពីរ

(ខេត្តបាត់ដំបង)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់​ដំ​បង បានដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅខេត្តច័ន្ទបុរី ប្រទេសថៃ រយៈពេលពីរថ្ងៃ ពីថ្ងៃទី ០១-០២ ខែមេសា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធមេត្រីភាព រវាងខេត្តបាត់ដំបង កម្ពុជា និងខេត្តច័ន្ទបុរី ថៃ ។

គណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ដែលដឹកនាំដោយ ឯកឧត្តម សុខ លូ បានជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម មន្តសិទ្ធ ផៃសានធៈនៈវ៉ាត់ អភិបាលខេត្តចន្ទបុរី ។

ក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំ នៃខេត្តទាំងពីរ បានពិភាក្សា លើខ្លឹមសារសំខាន់ៗ ចំនួន ៥ចំណុច រួមមាន៖

១.កិច្ចសហប្រតិបត្តិការ ជំរុញដំឡើង ច្រកទ្វារតំបន់បានសាប់តារី ស្រុកសយដាវ ខេត្តចន្ទបុរី ដែលឈមទល់មុខនឹងច្រកទ្វាតំបន់ព្រំដែន”អូររំដួល” នៃស្រុកភ្នំព្រឹក របស់ខេត្តបាត់ដំបង ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។

២.ការពង្រឹងកិច្ចសហប្រតិបត្តិការ រវាង ខេត្តចន្ទបុរី នៃ ព្រះរាជាណាចក្រថៃ និង ខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ ខេត្តចន្ទបុរី ប្រទេសថៃ។

៣.កិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងការផ្សាភ្ជាប់សេដ្ឋកិច្ចទេសចរណ៍ និងវប្បធម៌។

៤.កិច្ចសហប្រតិបត្តការក្នុងការការពារ និងបង្ក្រាបបទល្មើស ផ្នែកតិចណូឡូជី ។

និងទី៥.កិច្ចសហប្រតិបត្តការផ្នែកពលករ ដើម្បីសម្របសម្រួលនីតិវីធីផ្សេងៗ ដល់បងប្អូនជាពលករខ្មែរបានធ្វើដំណើរត្រឡប់មកស្រុកកំណើតបានឆាប់រហ័ស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗ ខាងមុខនេះ។

ក្នុងកិច្ចជំនួបនេះ ថ្នាក់ដឹកនាំខេត្តទាំងពីរ បានចុះហត្ថលេខា ទៅលើសេចក្ដីព្រៀងកំណត់ហេតុនៃកិច្ចប្រជុំការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ រវាង ឯកឧត្តមអភិបាលខេត្តច័ន្ទបុរី និង ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក្នុងដំណើរការឈានឆ្ពោះទៅកាន់ទីក្រុងបណ្ដាញការច្នៃប្រឌិតផ្នែកវិជ្ជាម្ហូបអាហារ របស់ខេត្តច័ន្ទបុរី ដែលធ្វើឡើងនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារចៅឡាវ ខាបាណា រីសត ច័ន្ទបុរី ។

ខ្លឹមសារនៃសេចក្ដីព្រៀងកំណត់ហេតុខាងលើរវាងភាគីទាំងពីរ គឺផ្តោតក្នុងការជួយជំរុញគ្នាដល់ការលើកកម្ពស់ និង ការផ្លាស់ប្ដូរ ខាងផ្នែកវិជ្ជាម្ហូបអាហារ ដោយសារតែខេត្តច័ន្ទបុរីមានគោលបំណង ក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងបណ្តាញការច្នៃប្រឌិត ផ្នែកវិជ្ជាម្ហូបអាហារ របស់យូណេស្កូ(UNESCO Creative City of Gastronomy) ដើម្បីថែរក្សា និងផ្សព្វផ្សាយគុណតម្លៃដ៏ល្អរបស់អាហារខេត្តច័ន្ទបុរី ដោយកំណត់ទិសដៅការអភិវឌ្ឍន៍ខេត្តច័ន្ទបុរី ឱ្យមានផែនការនិងគម្រោងជំរុញការបង្កើតស្ថេរភាពផ្នែក “អាហារ” ដែលមានសុវត្ថិភាពនិងពីការលើកកម្ពស់គុណភាពជីវិតរបស់កសិករ អ្នកនេសាទ និងប្រជាជនរស់នៅក្នុងខេត្តច័ន្ទបុរីទាំងផ្នែកសុខភាពរាងកាយនិងប្រាក់ចំណូល ព្រមទាំងគុណភាពបរិយាកាសបែបធម្មជាតិ ក្នុងឋានៈ ខណៈដែលខេត្តបាត់ បានទទួលនូវ សេចក្តីប្រកាសជាសមាជិកបណ្ដាញការច្នៃប្រឌិតផ្នែកម្ហូបអាហាររបស់យូណេស្កូ នាពេលកន្លងមក។

ក្នុងលក្ខខណ្ឌនៃកិច្ចសហប្រតិបត្តិការតាម ” កំណត់ហេតុ ការយោគយល់ សម្ព័ន្ធមេត្រីភាពរវាង ខេត្តច័ន្ទបុរី និង ខេត្តបាត់ដំបង ( friendship cities) ” ភាគីទាំងពីរថែមទាំងបានផ្លាស់ប្តូរមតិយោបល់យ៉ាងជ្រាលជ្រៅ និងប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ជាពិសេស ផ្នែកវិជ្ជាម្ហូបអាហាររួមគ្នា របស់ខេត្តទាំងពីរ។

ក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនេះ ឯកឧត្តម សុខ លូ និងប្រតិភូ បានអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់ ពីសហគមន៍ផ្ទះបុរាណក្នុងខេត្តចន្ទបុរី និងធ្វើដំណើរតាមកាណូត ឆ្ពោះទៅកាន់សហគមន៍ បាងសៈកៅ ដើម្បីស្វែងយល់ពីសហគមន៍តម្បាញកន្ទេលកក់បាងសៈកៅ ដែលជាប្រភពផលិតកន្ទេលកក់ និងជាផលិតផល ធ្វើពីដើមកក់ និងដើមក្រចៅ នៅទីនោះទៀតផង៕

( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner