ស្ពានអាកាស “មរតកតេជោ” បានសម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ

(ភ្នំពេញ)៖ ស្ពានអាកាស «មរតកតេជោ» ដែលមានកម្ពស់ពីរ​ជាន់លើកដំបូងនៅកម្ពុជា ស្ថិតនៅចំណុចប្រសព្វមហាវិថី​សម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថី​កងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ចំណាយ​ថវិកាសាងសង់ជាង ៣៦លានដុល្លារ ត្រូវបានសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា តាមការគ្រោងទុក ស្ពាននេះ ត្រូវប្រើរយៈពេលសាងស​ង់​ចំនួន ៣៦ខែ ប៉ុន្តែជាក់ស្តែង អាស្រ័យដោយមានការខិត​ខំប្រឹងប្រែងស្ថាបនាទាំងថ្ងៃទាំងយប់ ធ្វើឱ្យការដ្ឋាននេះ ប្រើរយៈពេលសាងសង់ ត្រឹមតែ ៣០ខែប៉ុណ្ណោះ ក្នុងនោះ ដោយមានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ឱ្យបងប្អូន​ប្រជា​ពលរដ្ឋ និងអ្នកដំណើរទាំងឡាយ បានប្រើប្រាស់ជា​បណ្តោះអាសន្ន នូវសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត​ក្នុង​​គម្រោង ដែលបានស្ថាបនារួចជាបន្តបន្ទាប់ រួមមាន (លើកទី១) ដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសជាន់ទី២ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ និង (លើកទី២) ស្ពានអាកាសជាន់ទី១ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៤ “។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា “ស្ពាន​អាកាសមរតកតេជោ បានចំណាយថវិកា សាងសង់អស់​ចំនួន ៣៦លាន ៧៧ម៉ឺន ៥ពាន់ ដុល្លាអាមេរិក ជាកញ្ចប់​ថវិកា បានមកពីមូលនិធិអភិវឌ្ឍ កោះនរា និងថវិកាមួយផ្នែក ដែលនៅសល់ពីការអនុវត្ត គម្រោងសាងសង់​ស្ពានអា​កាស​ក្បាលថ្នល់ ដំណាក់កាលទី២ ហើយស្ពាននេះ គឺជាស្ពាន អាកាសទី១ ដែលត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងជា​ស្ពានអាកាសទី៧ ដែលបានស្ថាបនារួចរាល់ ក្រោមកិច្ច​សហប្រតិបត្តិការ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យ​ឯកជន ស្របតាមអនុសាសន៍ និងចំណាត់កា​រដ៏ម៉ឺងម៉ាត់ របស់សម្តេចតេជោ ហ៊ុន សែន នោះ គឺ “ការយកទីក្រុង​ចិញ្ចឹម​​ទីក្រុង ឬ យកស្លឹកត្នោត ខ្ទប់ស្ករត្នោត” ដែលជាអាទិ៍​រួមមាន ស្ពានអាកាសក្បាលថ្នល់, ស្ពានអាកាស៧មករា, ស្ពានអាកាសនិងផ្លូវក្រោមដី ស្ទឹងមានជ័យ, ស្ពានអាកាស​៥មករា, ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ, ស្ពាន​អាកាស​ឫស្សីកែវ និងស្ពាន អាកាសមរតកតេជោ យើងនេះ”។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានបន្តថា “ផ្លូវថ្នល់​ផ្ទាល់​ដី៖ មានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែង​ជា​បួនទិស​ផ្សេងគ្នា ក្នុងនោះ បរិមាត្ររង្វង់មូលមានទំហំ ១៧៨ ម៉ែត្រ គុណនឹង ១២,៩០ ម៉ែត្រ មានតួនាទីបែងចែក​ទិស​ដៅចរាចរណ៍ ដោយមានគន្លងផ្លូវរត់ទំហំ ៣,៩៥ ម៉ែត្រ ចំនួន ៣ គន្លង និងមានកម្ពស់សុវត្ថិភាព ៥ ម៉ែត្រ សម្រាប់​ផ្នែក ឆ្លងកាត់ក្រោមស្ពានអាកាសជាន់ទី១ ។

ជាមួយគ្នានេះ ក៏មានការស្ថាបនាផ្លូវថ្នល់ផ្ទាល់ដី តាម​បណ្តោយ​ស្ពាន និងក្រោមស្ពាន ដែលតភ្ជាប់ ទៅនឹងរង្វង់​មូល​ចែកចេញជាពីរគន្លងផ្លូវ មានទំហំ ៣,៥ ម៉ែត្រ ក្នុង មួយគន្លង ដែលជាប្រភេទផ្លូវឯកទិស តភ្ជាប់រវាងមហាវិថី​សម្តេចតេជោហ៊ុនសែន មហាវិថីកងយោធពល ខេមរភូមិន្ទ មហាវិថីព្រះមុនីវង្ស និងផ្លូវជាតិលេខ១ តាមរយៈស្ពានព្រះ​មុនីវង្ស ។ស្ពានអាកាសជាន់ទី១៖ គឺជាស្ពានរង្វង់មូល នៅ​ត្រង់​ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា រួមមាន ស្ពានអាកាសរង្វង់មូលចំកណ្តាលចំនួន ១ និង​ស្ពានអាកាសរណបចំនួន ៦ខ្នែង រួមមាន៖ ស្ពានអាកាស​រង្វង់មូលមានបរិមាត្រទំហំ ១៧៨ ម៉ែត្រ គុណនឹង ១២,៩០ ម៉ែត្រ មានតួនាទីបែងចែក ទិសដៅចរាចរណ៍ ដោយមាន​គន្លងផ្លូវរត់ទំហំ ៣,៩៥ ម៉ែត្រ ចំនួន៣គន្លង និងមាន​កម្ពស់សុវត្ថិភាព ៥ម៉ែត្រ សម្រាប់ផ្នែកឆ្លងកាត់ក្រោមស្ពាន​អាកាសជាន់ទី២ ។

ស្ពានអាកាសខ្នែងA មានប្រវែង ២០០ម៉ែត្រ និងទទឹង ១១,៥ ម៉ែត្រ ជាប្រភេទផ្លូវទ្វេទិស សម្រាប់ទិសដៅ ចរាចរណ៍ទៅមកពីផ្លូវជាតិលេខ១ ដោយបែងចែកជា ៤គន្លង (២គន្លងទៅ និង២គន្លងមក) ក្នុងនោះ ១គន្លង សម្រាប់រថយន្តមានទំហំ ៣,៥ ម៉ែត្រ និង ១គន្លងទៀត សម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។ ស្ពានអាកាសខ្នែង B មានប្រវែង ១៩៥ ម៉ែត្រ និងទទឹង ៦ ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៍ ឆ្ពោះទៅមហាវិថីកងយោធពលខេមរភូមិន្ទ ដោយបែង​ចែកជា ២គន្លង ក្នុងនោះ មួយគន្លង សម្រាប់រថយន្ត​មានទំហំ ៣,៥ ម៉ែត្រ និងមួយគន្លងទៀត សម្រាប់ទោចក្រ​យានយន្តមានទំហំ ១,៥ ម៉ែត្រ។ស្ពានអាកាសខ្នែងC មានប្រវែង ១៤៣ម៉ែត្រ និងទទឹង ៦ម៉ែត្រ ជាប្រភេទផ្លូវ​ឯកទិស សម្រាប់ទិសដៅចរាចរណ៍មកពីមហាវិថីព្រះមុនីវង្ស ដោយបែងចែកជា ២គន្លង ក្នុងនោះមួយគន្លងសម្រាប់ រថយន្តមានទំហំ ៣,៥ ម៉ែត្រ និងមួយគន្លងទៀត សម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។

ស្ពានអាកាសខ្នែងD មានប្រវែង១៦៦ម៉ែត្រ និងទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៍ឆ្ពោះ​ទៅ​មហាវិថីព្រះមុនីវង្ស ដោយបែងចែកជា ២គន្លង ក្នុងនោះ មួយគន្លង សម្រាប់រថយន្តមានទំហំ ៣,៥ ម៉ែត្រ និងមួយ​គន្លងទៀត សម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។ ស្ពានអាកាសខ្នែងE មានប្រវែង ១៥១ម៉ែត្រ និងទទឹង៦​ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិសដៅចរាចរណ៍មកពី​មហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយបែងចែកជា២គន្លង ក្នុងនោះ មួយគន្លង សម្រាប់រថយន្តមានទំហំ ៣,៥ម៉ែត្រ និងមួយគន្លងទៀតសម្រាប់ទោចក្រយានយន្តមានទំហំ ១,៥ ម៉ែត្រ។ ស្ពានអាកាសខ្នែងF មានប្រវែង ១៣១ម៉ែត្រ និង​ទទឹង៦ម៉ែត្រ ជាប្រភេទផ្លូវឯកទិស សម្រាប់ទិស​ដៅ​ចរាចរណ៏ឆ្ពោះទៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ដោយបែងចែកជា ២គន្លង ក្នុងនោះមួយគន្លង សម្រាប់​រថយន្តមានទំហំ ៣,៥ម៉ែត្រ និងមួយគន្លងទៀតសម្រាប់​ទោចក្រយានយន្ត មានទំហំ ១,៥ ម៉ែត្រ ។

ស្ពានអាកាសជាន់ទី២៖ គឺជាស្ពានអាកាសទ្វេទិស មានប្រ​វែង ១.២០០ ម៉ែត្រ និងទទឹងពី ១៤,៧០ ម៉ែត្រ ទៅ ២៧ ម៉ែត្រ សម្រាប់ទិសដៅចរាចរណ៍ទៅមករវាង​មហាវិថី​សម្តេច​តេជោ ហ៊ុនសែន និងមហាវិថីព្រះ មុនីវង្ស ដោយបែងចែកជា ៦ គន្លងផ្លូវដល់ផ្លូវបំបែកទៅផ្លូវខ្នែង (៣គន្លងទៅ និង ៣គន្លងមក) និង ៤ គន្លងផ្លូវកណ្តាល (២គន្លងទៅ និង ២គន្លងមក) “។

អត្ថប្រយោជន៍ នៃការស្ថាបនាស្ពានអាកាស មរតកតេជោ ត្រូវបានឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថ្លែងថា ស្ពាននេះ បន្សំគ្នាទៅនឹងសមិទ្ធផល ស្ពានអាកាសក្បាលថ្នល់ ដែលជា​ស្ពានអាកាសទី១ នាពេលនេះ មិនត្រឹមតែអាចដោះ​ស្រាយ​បានទាំងស្រុង ចំពោះបញ្ហាការកកស្ទះចរាចរក្នុងតំបន់ អតីត​រង្វង់មូលក្បាលថ្នល់ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយុទ្ធ​សាស្ត្រ​នៃការអភិវឌ្ឍទីក្រុង ដើម្បីតភ្ជាប់របៀងសេដ្ឋកិច្ចរវាង រាជធា​នីភ្នំពេញ ជាមួយនិងបណ្តាខេត្តជាច្រើន ស្ថិតតាមបណ្តោយ​ផ្លូវជាតិលេខ ១ និងផ្លូវជាតិលេខ ២ ជាពិសេសដើម្បី ផ្សារ​ភ្ជាប់​ទៅនឹងប្រព័ន្ធភស្តុភារកម្ម ឡូជីស្ទិក នៃគម្រោង​អាកាស​យានដ្ឋានអន្តរជាតិថ្មី និងគម្រោង “ព្រែកជីកហ្វូណន- តេជោ​” ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ដែលនឹងធ្វើឱ្យ រាជធានីភ្នំពេញ កាន់តែមានលក្ខណៈសម្បត្តិល្អប្រសើរ សម្រាប់ ការប្រកួតប្រជែង ទាក់ទាញបំផុត និងស្ថិតក្នុង​ក្រសែភ្នែករបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ថែមទៀតផង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner