មេដឹកនាំមីយ៉ាន់ម៉ាចុះជួបក្រុមសង្គ្រោះរុស្ស៊ី
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា បានធ្វើទស្សនកិច្ច នៅអង្គភាពឆ្លើយតបគ្រោះរញ្ជួយដីរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ។
លោក Min Aung Hlaing មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ដែលបានដណ្ដើមអំណាច ក្នុងឆ្នាំ២០២១ បានធ្វើទស្សនកិច្ច នៅជំរុំរបស់បុគ្គលិកឆ្លើយតបផ្នែកវេជ្ជសាស្រ្តរុស្ស៊ី នៅទីក្រុង Mandalay ជាកន្លែង ដែលពួកគេបានព្យាបាលអ្នករស់រានមានជីវិត ពីការរញ្ជួយដី រយៈពេលមួយសប្តាហ៍ មកហើយ។
គួរបញ្ជាក់ថា ការរញ្ជួយដីកម្រិត ៧.៧រិចទ័រ បានវាយប្រហារ កាលពីថ្ងៃទី ២៨ ខែមីនា បំផ្លាញអគារ កាត់ផ្តាច់ចរន្តអគ្គិសនី និងបំផ្លាញស្ពាន និងផ្លូវថ្នល់ ទូទាំងប្រទេស។
ចំនួនអ្នកស្លាប់ បានកើនឡើងដល់ជិត ៣,៥០០នាក់, របួស ជាង៤,៦០០នាក់ បាត់ខ្លួន ជាង២០០នាក់ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋភូមា កាលពីថ្ងៃអាទិត្យ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត


លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ