ទេសរដ្ឋមន្ត្រី ឱម យិនទៀង ៖ ផ្អែកលើស្ថានភាពភូមិសាស្ត្រយើង នៅតែមានប្រៀប ឱ្យតែទឹកចិត្តកងទ័ពកនៅតាមព្រំដែន នៅតែរឹងមាំ​ដូចថ្ម គ្មានអាវុធ​យុទ្ធភ័ណ្ឌទំនើបណាមកធ្វើអីយើងបានទេ

(ខេត្តព្រះវិហារ)៖ ទេសរដ្ឋមន្ត្រីកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានលើកឡើងថា ផ្អែកលើស្ថានភាពភូមិសាស្ត្រយើងនៅតែមានប្រៀប ឱ្យតែទឹកចិត្ត កងទ័ពកងពលធំអន្តរាគមន៍លេខ៣ និងកងពលទាំងអស់ នៅតាមព្រំដែន នៅតែរឹងមាំដូចថ្មគ្មានអាវុធយុទ្ធភ័ណ្ឌទំនើបណា មកធ្វើអីយើងបានទេ។

ឯកឧត្តមបានបញ្ជាក់ថា មកដល់ពេលនេះ កងពលធំអន្តរាគមន៍លេខ៣ នៅតែរក្សាគុណតម្លៃ ធ្វើឱ្តគេខ្លាច គេស្ញប់ស្ញែងធ្វើឲ្យយើងខ្ញុំជាសមូរភូមិក្រោយសូមគោរពចំពោះវិរៈភាពយុទ្ធជនថ្នាក់ដឹកនាំកងទ័ពទាំងអស់ដែលកំពុងឈរជើងយ៉ាងរឹងមាំ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃដើម្បីធានាឱ្យសមូរភូមិក្រោយបាន សេចក្តីសុខសាន្តសំបូរសប្បាយដែលនេះជាគុណតម្លៃមួយដ៍ធំមិនអាច កាត់ថ្លៃបានរបស់វិរៈកងទ័ព។

ទេសរដ្ឋមន្ត្រីកិត្តិនីតិកោសលបណ្ឌិត លើកឡើងបែបនេះ ក្នុងឱកាស ដឹកនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពប្រឆាំងអំពើពុករលួយ និងលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងភាវរកម្ម ព្រមទាំងសប្បុរសជនជាច្រើនទៀត បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយជាថវិការ សម្ភារ មួយចំនួន ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣ ដែលកំពង់ឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមូរភូមិទិសទី១ ប្រសាទព្រះវិហារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យិនទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងកងពលធំអន្តរាគមន៍លេខ៣ទាំងអស់ ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ សូមមានសុខភាពល្អ កម្លាំងមាំមួន និងទទួលជោគជ័យគ្រប់ភារកិច្ច។

ទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីវរៈភាពរបស់កងទ័ពកងពលធំអន្តរាគមន៍លេខ៣ ពិសេសលោកឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ដ៏មានឥទ្ធិពល ដែលកន្លងមកក៏ដូចជាបច្ចុប្បន្ននេះ បានធ្វើឱ្យកម្លាំងមិត្តមានការស្ងប់ស្ញែង និងភ័យខ្លាច។

ទេសរដ្ឋមន្ត្រី ឱម យិនទៀង បានប្រាប់កងទ័ពកងកងពលធំអន្តរាគមន៍លេខ៣ ពីការដឹកនាំប្រទេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីរបស់សម្តេច ដែលភាគច្រើនជាយុវជនបន្តវេន ប៉ុន្តែ បានធ្វើកិច្ចការដ៍មានសារៈប្រយោជន៍ច្រើនណាស់។

ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន កំពុងចូលជាសាច់មួយហើយ រវាងហៅថាសមិទ្ធផលដែលមានពីមុន ជាមួយនឹងការបន្តសមិទ្ធផលថ្មី ការពារហើយបង្កើតថ្មីទៀត ចឹងយើងអាចនិយាយឱ្យខ្លីចូលគ្នា​ថា «សម្តេចតេជោធិបតី» ហើយសម្តេចតេជោធិបតី និងសន្តិភាពគឺតែមួយ និងសម្តេចតេជោធិបតី និងការអភិវឌ្ឍ គឺតែមួយដែរ ចឹងឯកឧត្តមថាពាក្យ«សម្តេចតេជោធិបតី» ​គឺកើតឡើងនៅទីនេះ៕

សួន លីណា

ads banner