សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន រៀបចំវេទិកាពិភាក្សា ស្តីពី “ទំនាក់ទំនងកម្ពុជា-ចិន ក្នុងបរិបទថ្មី”
ភ្នំពេញ ៖ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច ឬ CCJA) បានរៀបចំវេទិកាពិភាក្សាស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបថថ្មី នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយសជាច្រើនរូប ជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ២០០ នាក់ នៅអាគារ Morgan Tower ទីក្រុងកោះពេជ្រ។
ថ្លែងក្នុងពិធីនេះ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានវាយតម្លៃខ្ពស់ចំពោះវាគ្មិន ដែលបានផ្តល់នូវទស្សនទានល្អៗច្រើន សំដៅលើកកម្ពស់ទំនាក់ទំនងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលមានស្រាប់រវាងប្រទេសទាំងពីរ ឱ្យកាន់យល់ដឹងស៊ីជម្រៅបន្ថែមទៀត។ ក្នុងនាមជាប្រធានសមាគម លោក សយ សុភាព បានប្តេជ្ញាខិតខំប្រឹងប្រែងឲ្យមានទំនាក់ទំនងល្អរវាងកម្ពុជា-ចិន ដើម្បីប្រទេសទាំង២អនុវត្តតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំកម្ពុជា-ចិន ដែលបានដាក់ចេញ។ ក្នុងនោះលោកប្រធានក៏ផ្តោតលើការប្រយុទ្ធប្រឆាំងចំពោះព័ត៌មានក្លែងក្លាយ ព្រោះព័ត៌មានក្លែងក្លាយ ប្រៀបដូចគ្រាប់បរិមាណូទំលាក់មកលើដី។ លោក សយ សុភាព ក៏បានអំពាវនាវឱ្យមានការហោះហើរត្រង់ពីចិនមកកម្ពុជាឱ្យកាន់តែច្រើនថែមទៀតផងដែរ។
លោក លីវ ស៊ាងគ័ង អនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា ឆ្នាំ ២០២៥នេះ គឺជាឆ្នាំទេសចរណ៍រវាងកម្ពុជា-ចិន ហើយក៏ស្របពេលឯកឧត្តម ស៊ី ជីពីង ប្រធានាធិបតីចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវនៅកម្ពុជា នៅថ្ងៃ១៧ និង១៨ ខែមេសាខាងមុខ គឺដើម្បីរឹតចំណងមិត្តភាពជាមួយគ្នាបន្ថែមទៀត ក្នុងទំនាក់ទំនងជាប្រវត្តិសាស្រ្ត។ លោក លីវ ស៊ាងគ័ង បានបញ្ជាក់ថា ចំពោះវិនិយោគចិននៅកម្ពុជា ដែលបានដាក់ទុនវិនិយោគមានចំនួន ២,៦ ពាន់លានដុល្លារ។ ចំពោះការផ្លាស់ប្តូរវប្បធម៌ទេសចរណ៍វិញ ការហូរចូលភ្ញៀវទេសចរណ៍ចិនមកកម្ពុជាក៏បាននឹងកំពុងកើនឡើងកាន់តែច្រើនផងដែរ។ អនុវត្តតាមអនុសាសន៍របស់រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា ឯកឧត្តម នេត្រ ភក្ត្រា ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ លោក លីវ ស៊ាងគ័ង ក្នុងនាមជាអនុប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បានអំពាវនាវឱ្យអ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់ភាពអព្យាក្រឹត្យ និងត្រឹមត្រូវ៕





អត្ថបទ ៖ ឈឹម ទីណា