ប្រគល់ម៉ូតូ ១៣ គ្រឿង សម្រាប់អបអរសាទរឆ្នាំថ្មីក្នុងស្រុកស្ទោង ក្នុងគោលបំណងជំរុញការងារសុវត្ថិភាពកម្សាន្ត និងសុខសន្តិភាពសង្គម

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ លោក វង់ ឡូ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ តំណាងឯកឧត្ដម ថោ ជេថា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ក្នុងកិច្ចសហការជាមួយលោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានអញ្ជើញប្រគល់ម៉ូតូចំនួន ១៣គ្រឿង ជូនដល់ឃុំទាំង ១៣ ក្នុងស្រុកស្ទោង ដើម្បីប្រើប្រាស់សម្រាប់ការចាប់រង្វាន់ និងជួយជំរុញកម្មវិធីកម្សាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ ។

លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ពិសេសតាមវត្តអារាមនានា ឱ្យយកចិត្តទុកដាក់ចំពោះការរៀបចំកម្មវិធីកម្សាន្តឱ្យសប្បាយរីករាយ និងធានាសន្តិសុខសណ្ដាប់ធ្នាប់ដើម្បីឱ្យពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទទួលបានភាពសុខសាន្ត និងសុវត្ថិភាពក្នុងរដូវបុណ្យសំខាន់នេះ។

ការប្រគល់ម៉ូតូនេះបង្ហាញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រធានក្រុមការងារ ចំពោះសេចក្ដីសុភមង្គលរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងការបង្កើនភាពជិតស្និទ្ធស្នាលរវាងប្រជាពលរដ្ឋនិងអាជ្ញាធរ ក្នុងក្របខណ្ឌនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ។

គួរបញ្ជាក់ថា ក្នុងឃុំទាំង ១៣ នេះ ក្រុមការងារ បានរៀបចំវត្តមួយក្នុងមួយឃុំ សម្រាប់ធ្វើសង្ក្រាន្ត ហើយមួយឃុំៗទទួលបានម៉ូតូចំនួន ១ គ្រឿង និងសម្ភារៈមួយចំនួន សម្រាប់ការចាប់រង្វាន់ កាន់តែបង្កើនភាពរីករាយឱ្យក្នុងឱកាដចូលឆ្នាំថ្មីនេះ ៕

ដោយ ៖ ប៊ុន​រដ្ឋា

ads banner