កងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ ប្តេជ្ញាបន្តរួមគ្នា រក្សាការពារព្រំដែនឱ្យមានសុខសុវត្តិភាព តាមរយៈការដោះស្រាយបញ្ហាដែលកើតមាន

(ខេត្តព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ កម្ពុជាបានប្តេជ្ញារួមគ្នាជាមួយលោកវរសេនីយ៍ឯក ប៊ុនស៊ើម ប៊ុនបំរុង មេបញ្ជាការរង កងកម្លាំង សុរៈណារីថៃ ប្រចាំទិសប្រាសាទព្រះវិហារ បន្តរក្សាការពារព្រំដែនឱ្យមានសុខសុវត្តិភាព តាមរយៈការណាត់ជួបដោះស្រាយបញ្ហាដែលកើតមានឡើង បន្តរឹតចំណងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងល្អ ដើម្បីការអភិវឌ្ឍតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

ការប្តេជ្ញាចិតរួមគ្នាបែបនេះ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសលោកឧត្តមសេនីយ៍ទោ ថុល សុវណ្ណ មេបញ្ជាការរង កងពលធំអន្តរាគមន៍លេខ៣ និងលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ជាមួយលោកវរសេនីយ៍ឯក ប៊ុនស៊ើម ប៊ុនបំរុង មេបញ្ជាការរង កងកម្លាំង សុរៈណារីថៃ ប្រចាំទិសទី១ប្រាសាទព្រះវិហារ រៀបចំប្រារព្ធពិធីស្រង់ទឹកព្រះ ហូបបាយសាមគ្គី និងរាំលេងកម្សាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ពិធីនេះធ្វើឡើងត្រង់ចំណុចរោងណាត់ «ដើមធ្នង់» ជួរមុខព្រំដែនកម្ពុជា-ថៃ ភូមិសាស្ត្រភ្នំតាថាវ ក្នុងទិសទី១ប្រាសាទព្រះវិហារ។មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៃកម្ពុជា និងលោកអភិបាល នៃគណៈ អភិបាលស្រុកខាន់ថាឡាក់ របស់ប្រទេសថៃ ព្រមទាំងកងទ័ពនិងគ្រួសារផងដែរ។

កម្មវិធីនេះ បង្កើតឡើងដើម្បីបង្កើនការទំនាក់ទំនង រវាងកងទ័ព និង កងទ័ព តាមតំបន់ព្រំដែន ប្រែក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជាទីបញ្ចប់ ក៏មានការប្រគល់ វត្ថុអនុស្សាវរីយ៍ ជូនដល់ថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដី ព្រមទាំងហូបបាយសាមគ្គី និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ក្រោមបរិយាកាស នៃម្លប់ស្រុកមានសុខសន្តិភាព៕

សួន លីណា

ads banner