ឯកឧត្តម គីម រិទ្ធី ជឿជាក់ថា ចំណងសាមគ្គីភាពរវាង ខេត្តព្រះវិហារ-ខេត្តយ៉ាឡាយ កាន់តែរឹងមាំ ថែមទៀត

អត្ថបទដោយ៖
សួន លីណា

(ខេត្តព្រះវិហារ)៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ពិតជាសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ចំណង សាមគ្គីភាពរវាងខេត្តទាំងពីរ (ខេត្តព្រះវិហារ-យ៉ាឡាយ) ក៏ដូចជារវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលមានទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការណ៍ដ៏រឹងមាំ ជាមួយគ្នា ជាយូរណាស់មកហើយ នឹងបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយគ្នា ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរ ល្អប្រសើរថែមទៀត។ ជាពិសេសនឹងបន្តមាន ទំនាក់ទំនងរវាងយុវជនខេត្តទាំងពីរ (ព្រះវិហារ-យ៉ាឡាយ) តាមរយៈការរៀបចំព្រឹត្តិការណ៍ បោះជំរុំរួមគ្នា ឬផ្លាស់ប្តូរទស្សនកិច្ច ការសិក្សា ការផ្លាស់ប្តូរបទពិសោធន៍ផ្សេងៗ នៅពេលខាងមុខដ៏សមគួរណាមួយជាក់ជាមិនខាន។

ឯកឧត្តម គីម រិទ្ធី ថ្លែងបែបនេះ នៅក្នុងឱកាសទទួលជួបគណៈប្រតិភូខេត្តយ៉ាឡាយ ដឹកនាំដោយ ឯកឧត្តម ជឿង វ៉ាន់ដាត សមាជិកគណៈកម្មា ធិការអចិន្ត្រៃយ៍គណៈបក្សខេត្ត និងជា ក្រុមប្រឹក្សាប្រជាជនខេត្តយ៉ាឡាយ ចូលជួបសំដែងការគួរសម សួរសុខទុក្ខ និងជូនពរថ្នាក់ដឹកនាំខេត្តព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលហ្នឹងខិតចូលមកដល់ឆាប់ៗ ខាងមុខនេះ ដែលត្រូវបានធ្វើឡើងនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅសាលសវនការ សាលាខេត្តព្រះវិហារ ។

ក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បាន ថ្លែងនូវអំណរគុណ និងការកោតសរសើរចំពោះថ្នាក់ដឹកនាំ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូចជាខេត្តយ៉ាឡាយ ដែលតែងតែមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យ និងមានចំណងសាមគ្គីភាពដ៏រឹងមាំជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម និងដោយឡែកសម្រាប់ខេត្តព្រះវិហារ តាមរយៈកិច្ចសហប្រតិបត្តិការស្រាវជ្រាវរុករកអដ្ឋិធាតុយុទ្ធជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងបុព្វហេតុរំដោះជាតិមាតុភូមិកម្ពុជា ពីរបបប្រល័យពូជសាសន៍ប៉ុលពត ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅមាតុប្រទេសវិញ ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចការទំនាក់ទំនងលើវិស័យការងារពាណិជ្ជកម្ម ការអញ្ជើញសួរសុខទុក្ខ ជូនពរក្នុងឱកាសសំខាន់ៗ និងព្រឹត្តិការណ៍ផ្សេងៗទៀត ៕

សួន លីណា

ads banner