ប្អូនស្រីរបស់គីមថា គ្មានថ្ងៃកូរ៉េខាងជើងអស់នុយក្លេអ៊ែរ

បរទេស៖ នាង Kim Yo Jong ដែលជាប្អូនស្រីរបស់ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បាននិយាយថា គ្មានថ្ងៃកូរ៉េខាងជើង លែងមាននុយក្លេអ៊ែរទេ ដោយអះអាងថា ការចង់រំសាយអាវុធប្រល័យលោក គឺគ្រាន់តែជាសុបិន។

បើតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA ចេញផ្សាយថ្មីៗនេះ ប្អូនស្រីដ៏មានឥទ្ធិពលរបស់លោក Kim បានរិះគន់កិច្ចខិតខំប្រឹងប្រែង ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីដកអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយនិយាយថា គំនិតនៃការរំសាយអាវុធនុយក្លេអ៊ែរ របស់ប្រទេសនេះ គឺជា «សុបិននៃថ្ងៃមួយ»។

លោកស្រីបញ្ជាក់ថា «ការពិភាក្សាណាមួយ នៃការបញ្ចុះបញ្ចូលកូរ៉េខាងជើង ឱ្យបោះបង់អាវុធនុយក្លេអ៊ែរ គឺ គ្មានអ្វីក្រៅពីសុបិន ជាថ្ងៃដែលមិនអាចក្លាយជាការពិត»។

ការកត់សម្គាល់របស់នាង Kim Yo Jong បានធ្វើឡើង បន្ទាប់ពីអ្នកការទូតកំពូល របស់កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយ នៅខាងក្រៅកិច្ចប្រជុំ របស់សម្ព័ន្ធយោធាណាតូ កាលពីសប្តាហ៍មុន ដែលក្នុងនោះ ពួកគេបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត ចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃរដ្ឋឯកោ មួយនេះ។

នាង Kim Yo Jong បាននិយាយទៀតថា «ប្រសិនបើនរណាម្នាក់ និយាយដោយបើកចំហអំពីការរុះរើ អាវុធនុយក្លេអ៊ែរ…វាគ្រាន់តែជាទង្វើអរិភាពបំផុត នៃការបដិសេធអធិបតេយ្យភាព របស់កូរ៉េខាងជើង»។

នាងថា «វាគ្រាន់តែជាការលាតត្រដាងទាំងស្រុង នូវភាពមិនសប្បាយចិត្ត របស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នៅក្នុងស្ថានភាពអស់សង្ឃឹម លើការចង់រំសាយអាវុធនុយក្លេអ៊ែរ»។

នេះគឺជាសេចក្តីថ្លែងការណ៍លើកទី២ របស់នាង Kim Yo Jong ក្នុងរយៈពេលជាងមួយខែ មកនេះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner