សង្ក្រាន្តឆ្នាំថ្មី បានញ៉ាំងពលរដ្ឋឃុំរលាំងកែន ឱ្យសប្បាយរីករាយ
(កណ្ដាល)៖ ឯកឧត្តម សួស ស៊ីណា ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំរលាំងកែន និងលោកជំទាវ សៀង ផាន់នី សមាជិកគណបក្សខុទ្ទកាល័យ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយឃុំរលាំងកែន និងជួយភូមិរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានអញ្ជើញបើកដំណើការកម្មវិធសង្ក្រាន្តឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តសក័ ព.ស២៥៦៩ ឆ្នាំ២០២៥ យ៉ាងសប្បាយរីករាយជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះឯកឧត្តម សួស ស៊ីណា បានគូសបញ្ជាក់ថា នេះគឺជាការ ជួបជុំមហាគ្រួសារខ្មែរនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ឆ្នាំ២០២៥ ដែលជាការជួបជុំធ្វើបុណ្យធ្វើទានដោយសប្បាយរីករាយជាទីបំផុត ក្រោមម្លប់នៃ សុខសន្តិភាពពាសពេញផ្ទៃប្រទេស និងក្រោមការអភិវឌ្ឍរីកចម្រើននៅលើគ្រប់វិស័យនៃប្រទេសជាតិ។
ឯកឧត្តមបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហ បណ្ឌិត ហ៊ីង ប៊ុនហៀង អនុប្រធានក្រុមការងារចុះជួយខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយ ស្រុកកណ្តាលស្ទឹងជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅឃុំរលាំងកែន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជាទីបំផុតចំពោះបងប្អូននៅទីនេះ ដែលតែងតែផ្តល់នូវទំនុកចិត្តខ្ពស់បំផុតមកលើថ្នាក់ដឹកនាំគណ បក្សប្រជាជនកម្ពុជាតាមរយៈ ការបោះឆ្នោតជាសកលនាពេលកន្លងមក ហើយឯកឧត្តមនៅតែបន្តការ ជឿជាក់ចំពោះការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋសម្រាប់គ្រប់អាណត្តិជាបន្តទៀត ដើម្បីប្តូរមកវិញនូវ សុខសន្តិភាព និងការអភិវឌ្ឍ និងបានអំពាវនាវដល់ប្រជាពលរដ្ឋសូមកុំជឿទៅលើការឃោសនារបស់ អ្នកណាដទៃ សូមជឿតែមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត ជានាយករដ្ឋមន្ត្រី។
យកឱកាសនេះ និងជាថ្មីម្តងទៀត ឯកឧត្តម សួស ស៊ីណា បានគោរពជូននូវសព្ទសាធុការពរ ចំពោះបងប្អូនប្រជាពលរដ្ឋឃុំរលាំងកែន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ដោយសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគទេវី សូមជួយថែរក្សាការពារប្រោសប្រទានសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ក្នុងពិធីសង្ក្រាន្តឆ្នាំថ្មីនេះ ឯកឧត្តម សួស ស៊ីណា និងលោកជំទាវ សៀង ផាន់នី បានចែកជូនអ្នកចូលរួមចំនួន ៣២០នាក់ នូវសារ៉ុងម្នាក់១ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ក្រុមតន្រ្តី ព្រមទាំងបានរៀបចំទទួលទានអាហារសាមគ្គីនៅផ្ទះមេភូមិមួយពេលផងដែរ៕




ដោយ ៖ វណ្ណលុក