ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ប្រកាសគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណនតេជោរបស់កម្ពុជា ខណៈព្រែកជីកមួយនេះ នឹងបម្រើការដឹកជញ្ជូនផ្លូវទឹកនៅកម្ពុជានាពេលអនាគតនោះ។ ការប្រកាសនេះ​ ក្នុងកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ស៊ីជីនពីង នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ។

ឯកឧត្តម ស៊ី ជីនពីង បានបញ្ជាក់ថា​ ភាគីចិនគាំទ្រចំពោះព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកំពុងដំណើរការសាងសង់ ហើយភាគីចិនគាំទ្រចំពោះគំនិតផ្តួចផ្តើម​ ឬក៏ការសាងសង់របស់កម្ពុជានៅព្រែកជីកហ្វូណនតេជោ។ ឯកឧត្តម ស៊ី ជីនពីង បានសង្កត់ធ្ងន់ថា​ ចិន​និងកម្ពុជាពង្រឹងទំនាក់ទំនងបន្ថែមទៀតទាំងក្របខណ្ឌបក្ស​ ទាំងក្របខណ្ឌរដ្ឋាភិបាល។

សម្តេចតេជោ បានបញ្ជាក់ថា​ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង គឺមានអត្ថន័យធំធេងណាស់​ ជាពិសេសនៅពេលដែលពិភពលោកស្ថិរនៅក្នុងស្ថានភាពមួយឈានទៅរកសង្គ្រាមពាណិជ្ជកម្មបណ្តើរៗ។ សម្តេចតេជោបានបន្តថា​ វត្តមានរបស់ឯកឧត្តម ស៊ី ជីនពីង​ បានបង្ហាញពីំចំណងមិត្តភាពជាប្រពៃណីដ៏រឹងមាំ​ ពង្រឹងមិត្តភាពដែកថែប​ លើកម្ពស់រវាងស្ថាប័នរដ្ឋ និងរដ្ឋ​ រវាងបក្សនិងបក្សកាន់តែជិតស្និទ្ធមួយកម្រិតថែមទៀត។ ជាមួយគ្នានេះ​ សម្តេចតេជោក៏បានស្នើភាគីចិនបន្តការគាំទ្រការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា៕
ដោយ៖ពលជ័យ
រូបថត៖ ក្រុមការងារ AKP

ads banner