អាមេរិកវាយលុកកំពង់ផែប្រេងយេម៉ែន អ្នកស្លាប់កើនជាង ៧០ នាក់
សាណាអា ៖ ក្រុមឧទ្ទាមហ៊ូធីនៅថ្ងៃសុក្រនិយាយថា អ្នកស្លាប់ក្រោមស្នាដៃកងកម្លាំងអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ វាយលុកកំពង់ផែប្រេងនៅយេម៉ែន បានកើនដល់ ៧៤ នាក់ និង ១៧១ នាក់រងរបួស ដែលនេះជាការវាយប្រហារដ៏សាហាវបំផុតមិនធ្លាប់មានក្នុងពេល ១៥ ខែ។
អ្នកនាំពាក្យក្រសួងសុខាភិបាលក្រុមហ៊ូទីនិយាយថា ក្រុមអ្នកជួយសង្គ្រោះកំពុងដុតដៃដុតជើងរុករកជនរងគ្រោះដទៃទៀតនៅឯស្ថានីយប្រេងនៅសមុទ្រក្រហម ហើយរំពឹងថា អ្នកស្លាប់ និងរបួសអាចកើនឡើងបន្ថែមទៀត។
ភ្លាមៗ ខាងរដ្ឋបាលលោក ដូណាល់ ត្រាំ នៅមិនទាន់ចេញមុខឆ្លើយតបទេ តែយោធាអាមេរិកនិយាយថា ការវាយលុកកំពង់ផែប្រេង Ras Issa របស់យេម៉ែន មានគោលបំណងកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង និង ប្រភពលុយរបស់ពួកឧទ្ទាមហ៊ូទីដែលគ្រប់គ្រងទឹកដីភាគច្រើនក្នុងប្រទេសក្រីក្របំផុតនៅឧបទ្វីបអារ៉ាប់មួយនេះ។
ការវាយប្រហាររបស់អាមេរិកចុងក្រោយនេះ ក៏នាំឲ្យផ្ទុះការតវ៉ាដ៏ធំមួយផងដែរ ដោយក្រុមបាតុករស្រែកថា “ស្លាប់ទៅអាមេរិក! ស្លាប់ទៅអ៊ីស្រាអែល!” នៅពេលពួកគេប្រមូលផ្តុំគ្នាក្នុងទីក្រុងដែលកាន់កាប់ដោយក្រុមឧទ្ទាមនៅយេម៉ែន រួមទាំងរដ្ឋធានីសាណាអា កាលពីថ្ងៃសុក្រ៕




ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា