កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកនេះ
ខេត្តកំពត ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកនេះអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលមានទីតាំងស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ។
គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គ្របដណ្ដប់លើផ្ទៃដីជាង ៤ ហិកតា បានចាប់ផ្ដើមតាំងពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ។
គម្រោងនេះត្រូវបានគ្រប់គ្រងការសាងសង់ដោយអង្គភាពអនុវត្តអនុគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយប្រើប្រាស់ថវិកាសរុបចំនួន ១៨,៧៧ លានដុល្លារអាមេរិក ដែលក្នុងនោះ ១៨ លានដុល្លារ គឺជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី និង ៧៧ ម៉ឺនដុល្លារទៀត គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ននៅមហាអនុតំបន់មេគង្គ ។
កំពង់ផែនេះអាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល ។
អ្នកជំនាញជឿជាក់ថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងពង្រីកវិសាលភាពនៃការទទួលភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរតាមផ្លូវទឹក មកកាន់ខេត្តកំពត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ឱ្យកាន់តែច្រើនឡើងនាពេលអនាគត ។
សូមរំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលជាដៃគូវិនិយោគជាមួយរាជរដ្ឋាភិបាលកម្ពុជា បានបើកដំណើរការសាកល្បងនូវសេវាកម្មរបស់ខ្លួន ក្នុងនោះ មាននាវាទេសចរណ៍មួយគ្រឿង ជាមួយវត្តមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ១០០នាក់ បានចូលចតដោយជោគជ័យ និងសុវត្ថិភាព បន្ទាប់ពីធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម ហើយ បន្តទៅកាន់កោះរ៉ុង ខេត្តព្រះសីហនុ ៕



