ចិនព្រមានថា សង្គ្រាមពន្ធកំពុងបំផ្លាញសណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល

ប៉េកាំង ៖ ក្នុងកំលុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រមុខរដ្ឋចិន លោក Xi Jinping បានប្រាប់ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ថា ជម្លោះពាណិជ្ជកម្មកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងសេដ្ឋកិច្ចពិភពលោកទាំងមូល។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ បានដកស្រង់សម្តីលោក Xi ចុះផ្សាយថា សង្រ្គាមពាណិជ្ជកម្ម និង ពន្ធ កំពុងវាយប្រហារលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសទាំងអស់ ជាពិសេសធ្វើឱ្យខូចប្រព័ន្ធពាណិជ្ជកម្មពហុភាគី និង បង្កអស្ថិរភាពដល់សណ្តាប់ធ្នាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។

លោកប្រធានាធិបតី Xi បានសង្កត់ធ្ងន់ទៀតថា ចិនត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើគោលការណ៍របស់អង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិរួមគ្នាជាមួយអាស៊ែបៃហ្សង់ ក៏ដូចជាការពារផលប្រយោជន៍ស្របច្បាប់ និង តស៊ូមតិដើម្បីយុត្តិធម៌អន្តរជាតិ។

រដ្ឋបាលលោកប្រធានាធិបតី Trump បានដាក់ពន្ធរហូតដល់ ១៤៥% លើការនាំចូលទំនិញពីប្រទេសចិន។ ជាការឆ្លើយតប ចិនបានដាក់ពន្ធលើការនាំចូលទំនិញពីអាមេរិកវិញដល់ ១២៥%។

ដោយឡែកកាលពីថ្ងៃទី២ ខែមេសា លោកប្រធានាធិបតី Donald Trump បានប្រកាសដាក់ពន្ធលើផលិតផលពី ១៨៥ ប្រទេស និងដែនដី ប៉ុន្តែរុស្ស៊ីគ្មានឈ្មោះក្នុងបញ្ជីនោះទេ។ ពន្ធគយ ១០% ជាសកលបានចូលជាធរមាននៅថ្ងៃទី៥ ខែមេសា ហើយពន្ធបុគ្គលត្រូវបានអនុម័តនៅថ្ងៃទី៩ ខែមេសា។

នៅថ្ងៃនោះ លោក Trump បានបញ្ជាឱ្យផ្អាករយៈពេល ៩០ ថ្ងៃលើពន្ធនាំចូលទៅវិញទៅមកបន្ថែមសម្រាប់ប្រទេស និងដែនដីមួយចំនួន ព្រមទាំងកាត់បន្ថយពន្ធសកលចំនួន ១០% ក្នុងអំឡុងពេលនេះ។ សេតវិមានបាននិយាយថា ការផ្អាកនេះគឺសម្រាប់រៀបចំកិច្ចពិភាក្សាពាណិជ្ជកម្ម៕

ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner