ជម្រើសជាតិកីឡាទូកចូលជំរុំហ្វឹកហាត់ត្រៀមចូលរួមបេសកម្មធំៗចំនួន២ក្នុងឆ្នាំ២០២៥

ភ្នំពេញ៖ បន្ទាប់ពីធ្វើតេសជ្រើសរើសដោយសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង អស់រយៈពេល២ថ្ងៃ ជម្រើសជាតិដែលចម្រាញ់បានទាំងអស់សរុប២៦នាក់ បានប្រមូលផ្តុំហ្វឹកហាត់ក្រោមថវិកាគាំទ្រពីក្រសួងអប់រំយុវជននិងកីឡា នៅក្នុងជំរុំហ្វឹកហាត់ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមការបញ្ជាក់ពី លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិ បានបញ្ជាក់ឱ្យដឹងថា ការប្រមូលផ្តុំជម្រើសជាតិហ្វឹកហាត់ក្នុងជំរុំនៅខេត្តស្វាយរៀងនេះ គឺមានសមាសភាពគ្រូបង្វឹក៤នាក់ កីឡាករ២០នាក់ និងកីឡាការិនីចំនួន៦នាក់។

គ្រូជំនួយខាងលើ បានគូសបញ្ជាក់ទៀតថា ការប្រមូលផ្តុំក្រោមការរាបរងដោយក្រសួងអប់រំយុវជននិងកីឡានេះ សម្រាប់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា គឺ ត្រៀមបេសកម្មចូលរួមប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ធំៗចំនួន២ក្នុងឆ្នាំ២០២៥នេះ ។ ព្រឹត្តិការណ៍ទី១ គឺការប្រកួតកីឡាពិភពលោក(WORLD GAME 2025 )ដែលជាការប្រកួតធំធ្វើឡើង៤ឆ្នាំម្តង នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី១១ សីហា ឆ្នាំ២០២៥ ដែលការត្រៀមខ្លួនលើប្រភេទកីឡាទូកនាគប្រពៃណីខ្នាតអន្តរជាតិចម្រុះបុរសនារី ចំណុះ១២ និងចំណុះ៨នាក់ គ្រោងនឹងប្រជែងលើ៦វិញ្ញាសាមានដូចជា២០០ម៉ែត្រ .៥០០ម៉ែត្រ និង២០០០ម៉ែត្រ។រីឯព្រឹត្តិការណ៍ទី២ គឺព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងអំឡុងខែ ធ្នូ ឆ្នាំ២០២៥ ដោយ សហព័ន្ធត្រៀមលើប្រភេទដូចជា ទូកកានូ .ទូកកាយ៉ាក់.ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ។

លោក គង់ សុភាព បានបញ្ជាក់ទៀតថា សម្រាប់ការហ្វឹកក្នុងឆ្នាំ២០២៥នេះ សហព័ន្ធជំរុញការហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីឱ្យកីឡាករកីឡាការិនីយើងអាចវិវឌ្ឍសមត្ថភាពប្រជែងដណ្តើមបានមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ខាងលើទាំងពីរនេះ ព្រោះថា ស៊ីហ្គេម ឆ្នាំ២០២៣ យើងប្រជែងដណ្តើមបានមេដាយ ដូច្នោះឆ្នាំ២០២៥ យើងត្រូវការពារសិទ្ធិផលមេដាយ ខណៈការប្រកួតពិភពលោកវគ្គជម្រុះទូកនាគ មាន២៧ប្រទេស កាលពីឆ្នាំ២០២៤កន្លងទៅ នៅប្រេទេសហ្វីលីពីន យើងជាប់ក្នុងវគ្គជម្រុះក្នុងចំណោម១២ប្រទេស ដែលត្រូវបានឡើងទៅលេងក្នុងការប្រកួតWORLD GAME 2025។ ដូច្នោះការប្រកួតយើងក៏និងពុះពារប្រជែងដណ្តើមមេដាយជូនកម្ពុជាដែរ។

សូមជម្រាប់ថា ការមូលផ្តុំជម្រើសជាតិក្រោមថវិកាគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡា សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានចាប់ផ្តើមចាប់ពីថ្ងៃទី៨ មេសាមកម្លេះ ខណៈដែលការហ្វឹកហាត់ក្នុងមួយថ្ងៃ៣ពេលចាប់ពីថ្ងៃច័ន្ធដល់ថ្ងៃសៅរ៍៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner