លោក Trump ព្រមានថា បើគ្មានអាមេរិក NATO នឹងលែងមានឥទ្ធិពលខ្លាំង
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬហៅកាត់ថា NATO គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អឺរ៉ុប ប៉ុន្តែលោកក៏បានព្រមានផងដែរថា បក្សសម្ព័ន្ធយោធាមួយនេះ នឹងលែងមានឥទ្ធិពលខ្លាំង ប្រសិនបើគ្មានសហរដ្ឋអាមេរិក។
ថ្លែងប្រាប់អ្នកកាសែតក្នុងកំលុងជំនួបជាមួយនាយករដ្ឋមន្រ្តីន័រវេស លោក Jonas Gahr Stoere នៅការិយាល័យ Oval លោកប្រធានាធិបតី Trump បានគូសបញ្ជាក់ថា អង្គការ NATO ពិតជាមានសារៈសំខាន់ណាស់សម្រាប់អឺរ៉ុប តែលោកយល់ថា បើគ្មានវត្តមានអាមេរិកទេ សម្ព័ន្ធយោធានេះនឹងគ្មានឥទ្ធិពលខ្លាំងទេ។
មេដឹកនាំអាមេរិករូបនេះ ក៏បានលើកឡើងជាថ្មីម្តងទៀត អំពីបញ្ហាចូលរួមចំណែកផ្នែកហិរញ្ញវត្ថុ ដើម្បីគាំទ្រដល់បក្សសម្ព័ន្ធយោធាណាតូ និងបាននិយាយថា អឺរ៉ុបគួរតែបង្កើនការចំណាយបន្ថែមទៀត ព្រោះសហរដ្ឋអាមេរិក បានចំណាយលើចំណែករបស់ខ្លួនច្រើនជាងនេះឆ្ងាយណាស់។
ចំណែកគូប្រជែងនយោបាយរបស់លោកប្រធានាធិបតី Trump បាននិយាយថា លោកបានពិចារណាយ៉ាងម៉ត់ចត់លើជម្រើសដឹកនាំអាមេរិកចាកចេញពីបក្សសម្ព័ន្ធយោធាខ្នាតយក្សមួយនេះក្នុងពេលអនាគត។
បើតាមសេចក្តីរាយការណ៍របស់កាសែតរ៉យទ័យ កន្លងមក ទីក្រុងវ៉ាស៊ីនតោនបានប្រាប់ក្រុមប្រទេសអឺរ៉ុបត្រង់ៗថា អាមេរិកនឹងមិនដើរតួនាទីស្នូល នៅក្នុងការធានាសន្តិសុខរបស់អឺរ៉ុបទៀតឡើយ ជាហេតុបង្កឱ្យអឺរ៉ុបបារម្ភថា តើអាមេរិកគ្រោងកាត់បន្ថយការចូលរួមកម្រិតណានៅ NATO ដើម្បីពួកគេអាចរិះរកមធ្យោបាយចៀសវាងចន្លោះប្រហោងផ្នែកសន្តិសុខនៅអឺរ៉ុប។
បើយោងតាមការប៉ាន់ស្មានរបស់ NATO ប្រទេសមានសេដ្ឋកិច្ចធំៗមួយចំនួននៅអឺរ៉ុប ដូចជាអ៊ីតាលី និងអេស៉្បាញ ស្ថិតក្នុងចំណោមសមាជិក ដែលបច្ចុប្បន្ននៅក្រោមគោលដៅ ២ ភាគរយនៅឡើយ នៃការចំណាយលើវិស័យការពារជាតិ គឺខ្ទង់ ១.៥ ភាគរយ និង ១.៣ ភាគរយ។ ប្រទេសសរុបចំនួន ២៣ ក្នុងចំណោមសមាជិកទាំង ៣២ របស់ NATO បានបំពេញតាមគោលដៅចំណាយ ២ ភាគរយ ឬលើសពីនេះ កាលពីឆ្នាំ២០២៤៕
ប្រភព ៖ Tass ប្រែសម្រួល ៖ ឈឹម ទីណា
