យន្តហោះចម្បាំងអាមេរិកថ្លៃ៦០លានដុល្លារ ធ្លាក់ពីនាវាចូលសមុទ្របាត់

បរទេស៖ យន្តហោះចម្បាំងអាមេរិក F/A-18 Super Hornet មួយគ្រឿង តម្លៃ៦០លានដុល្លារ បានរអិលធ្លាក់ចេញពីនាវាផ្ទុកយន្តហោះ ចូលទៅក្នុងសមុទ្របាត់ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN នៅថ្ងៃអង្គារនេះ។

មន្ត្រីយោធាអាមេរិក បានអះអាងថា យន្តហោះចម្បាំងមួយគ្រឿងនេះ បានធ្លាក់ចេញពីលើនាវាផ្ទុកយន្តហោះ USS Harry S. Truman ក្នុងពេលដែលនាវា បានព្យាយាមគេចចេញ ពីការបាញ់ប្រហារ របស់ពួកឧទ្ទាម Houthi នៅប្រទេសយ៉េមែន។

ជាមួយគ្នានេះ ពួកប្រដាប់អាវុធ Houthi ក៏បានអះអាង កាលពីថ្ងៃចន្ទផងដែរថា ខ្លួនទើបបានបើកការវាយប្រហារ ដោយប្រើយន្តហោះគ្មានមនុស្សបើក និងកាំជ្រួច ទៅលើនាវាផ្ទុកយន្តហោះអាមេរិក ដែលស្ថិតនៅក្នុងសមុទ្រក្រហម។

សេចក្តីថ្លែងការណ៍យោធាអាមេរិក បានឲ្យដឹងថា ការស៊ើបអង្កេត កំពុងដំណើរការ បន្ថែមទៀត។ យ៉ាងណាមិញ ព័ត៌មានលម្អិតពិតប្រាកដ ដែលនាវា Truman ព្យាយាមបត់បែន ដើម្បីបញ្ជៀសពីការវាយប្រហារ មិនត្រូវបានបញ្ចេញ ឲ្យឃើញនោះទេ។ ប៉ុន្តែ នាវាចម្បាំងដ៏ធំបំផុតរបស់ពិភពលោក ដែលណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រ នុយក្លេអ៊ែរ ចំនួនពីរ ប្រភេទនេះ ជាទូទៅ អាចបត់បែន បានគួរឱ្យភ្ញាក់ផ្អើល ទោះបីជាមានទំហំធំ ក៏ដោយ។

លោក Carl Schuster អតីតប្រធានក្រុមទ័ពជើងទឹកអាមេរិក បានប្រាប់ CNN ថា នាវាផ្ទុកយន្តហោះ ដែលព្យាយាមជៀសវាងការវាយប្រហារដោយមីស៊ីល ប្រើយុទ្ធសាស្ត្រ “zig-zag” ដែលជាការបត់លឿនៗ ចន្លោះពី ៣០ ទៅ ៤០ ដឺក្រេ ត្រូវចំណាយពេលប្រហែល ៣០ វិនាទី សម្រាប់ការបត់ម្តងៗ របស់នាវា។

ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលរបស់លោក Trump បានបង្កើនការវាយប្រហារតាមអាកាស ទៅលើពួក Houthi ក្នុងប្រទេសយេម៉ែន ដែលជំរុញឱ្យមានការគំរាមកំហែងសងសឹក ប្រឆាំងនឹងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ពីសំណាក់ក្រុមឧទ្ទាម ទាំងនេះ៕

ប្រភពពី CNN ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner