ផ្ទះចំនួន ៣៤ខ្នង និងរោងបន្លែសុវត្ថិភាពមួយខ្នងនៅស្រុកភ្នំស្រុក រងការបំផ្លាញដោយខ្យល់កន្រ្តាក់
បន្ទាយមានជ័យ៖ផ្ទះចំនួន ៣៤ខ្នង,រោងបន្លែសុវត្ថិភាពមួយខ្នងនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥បានរងការបំផ្លាញដោយខ្យល់កន្រ្តាក់ ។លោក ឃ្លោក នួយ អភិបាលរងខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបានដឹកនាំក្រុមការងារ កងកម្លាំងទាំងបីប្រភេទជួយជួសជុលផ្ទះដែលរងការខូចខាតនេះឡើងវិញ និងនាំយកជាស័ង្កសីចំនួន ៣២០សន្លឹក ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ។
នាឱកាសនោះលោក ឃ្លោក នួយ អភិបាលរងខេត្ត ក៏បានសម្តែងក្តីសោកស្តាយ ចំពោះបាតុភូតគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាកាលពីថ្ងៃទី២៧ ខែមេសា មានភ្លៀងធ្លាក់លាយលំនិងខ្យល់កន្រ្តាក់ដែលបានប៉ះពាល់ស្រុកភ្នំស្រុក បណ្ដាលឱ្យផ្ទះប្រជាពលរដ្ឋចំនួន៣៤ខ្នងផ្ទះ នៅចំនួន ៤ឃុំ រួមមាន៖ ឃុំប៉ោយចារចំនួន ១៧ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១០៨សន្លឹក ,ឃុំស្រះជីក ចំនួន ១១ខ្នងផ្ទះ ទទួលបានស័ង្កសីចំនួន ១៤៥សន្លឹក, ឃុំភ្នំដី ចំនួន ៤ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ៥៥សន្លឹក និងឃុំពន្លៃ ចំនួន ២ខ្នងផ្ទះ ទទួលបានសង្ក័សីចំនួន ១២សន្លឹក និងរោងបន្លែ១កន្លែងផងដែរ៕
ដោយ៖ឃិន គន្ធា





