អ្នកនាំពាក្យ គ.ជ.ប រំពឹងថាបញ្ជីបោះឆ្នោតឆ្នាំ២០២៥ នឹងមានចំនួនលើសពីចំនួន១០លាននាក់
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា គ.ជ.ប បានត្រៀមលក្ខណៈរួចរាល់អស់ហើយសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។ ក្នុងនោះ គឺការរៀបចំរចនាសម្ព័ន្ធការងារសម្រាប់ការចុះឈ្មោះនៅទូទាំងប្រទេស ទាំង១៦៥២ ឃុំ សង្កាត់ ក៏ដូចជាក្រុមចុះឈ្មោះមានការបណ្តុះបណ្តាលដល់មន្ត្រីនៃការិយាល័យចុះឈ្មោះនីមួយៗ រួចរាល់ហើយដែរ។ ចាប់ពីថ្ងៃទី១ ខែឧសភា គឺជាថ្ងៃនៃដំណើរការចាប់ផ្តើម ហើយសម្ភារៈទាំងឡាយក៏បានផ្តល់ទៅគ្រប់ក្រុមចុះឈ្មោះបោះឆ្នោតរួចរាល់ហើយដែរ។ គ.ជ.ប រំពឹងថា ការរៀបចំនេះមិនមែនជាលើកទី១ ដែលជាបទពិសោធន៍ផ្តល់ឱ្យជាការចាត់ចែង និងការអនុវត្ត នឹងប្រព្រឹត្តទៅដោយជោគជ័យ។
អ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង គឺមានចំនួនជាង១១លាន ២សែននាក់ ហើយសម្រាប់ឆ្នាំ២០២៤ កន្លងមកនេះ អ្នកមានអាយុ១៨ឆ្នាំឡើង បានអញ្ជើញមកធ្វើការចុះឈ្មោះបានចំនួនជាង៩លាន៩សែននាក់។ សម្រាប់ការរំពឹងទុកការប៉ាន់ស្មាននៃការចុះឈ្មោះឆ្នាំ២០២៥ នេះ អ្នកចុះឈ្មោះថ្មីអាចមានជាង ២២ម៉ឺននាក់។ គ.ជ.ប ប្រមើមើលទៅបញ្ជីបោះឆ្នោតឆ្នាំ២០២៥ នឹងមានចំនួនលើសពីចំនួន១០លាននាក់។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវចំពោះប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនដែលបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំ សង្កាត់ ឬចូលពិនិត្យមើលតាមអាសយដ្ឋានវេប voterlist.nec.gov.kh និងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH ដើម្បីឱ្យប្រាកដថាខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវនៅក្នុងបញ្ជីបោះឆ្នោត។ គួរបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមសាលាឃុំ សង្កាត់ ឬនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស៕
ដោយ៖ពលជ័យ



