ប៉ូឡូញចាយជាង ១ពាន់លានដុល្លារ ទិញមីស៊ីល ៤០០គ្រាប់ពីអាមេរិក
សេអ៊ូល ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ ព្រមលក់មីស៊ីលបាញ់ពីអាកាសទៅអាកាសរយៈចម្ងាយមធ្យមចំនួន ៤០០គ្រាប់ ក្នុងតម្លៃ ១.៣៣ពាន់លានដុល្លារ និងជំនួយពាក់ព័ន្ធដល់ប៉ូឡូញ ដែលជាសម្ព័ន្ធមិត្តក្នុងអង្គការណាតូ មានព្រំប្រទល់ជាប់ទឹកដីរុស្ស៊ី។
ប៉ូឡូញនិយាយថា ខ្លួនមានគោលបំណងចំណាយផ្នែកយោធាឲ្យបានប្រហែល ៥ភាគរយនៃទិន្នផលសេដ្ឋកិច្ចសរុបនៅឆ្នាំ២០២៦ ដែលនេះជាសំណើដ៏សំខាន់នៃរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់សមាជិកណាតូ។
បើតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិអាមេរិក ហៅកាត់ DSCA ការទិញ-លក់មីស៊ីលចំនួន ៤០០គ្រាប់នេះ នឹងជួយលើកកម្ពស់សមត្ថភាពការពារជាតិរបស់ប្រទេសប៉ូឡូញ ទប់ទល់ការគំរាមកំហែងពីសត្រូវ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។
លើសពីនេះ វាក៏ជួយបង្កើនសមត្ថភាពវាយប្រហារពីអាកាសទៅអាកាស ដែលនឹងជួយការពារទាំងប៉ូឡូញ និងកងកម្លាំងសម្ព័ន្ធមិត្ត ផ្លាស់ប្តូរយុទ្ធសាស្រ្តប្រយុទ្ធកាន់តែប្រសើរឡើង ពិសេសការរួមចំណែករបស់ប៉ូឡូញចំពោះតម្រូវការរបស់អង្គការណាតូ។
ការលក់មីស៊ីលវាយលុកចម្ងាយមធ្យមនេះទៀតសោត ក៏នឹងជួយគាំទ្រដល់គោលនយោបាយការបរទេស និងសន្តិសុខជាតិរបស់អាមេរិក តាមរយៈការធ្វើឱ្យប្រសើរឡើងនូវសន្តិសុខនៃសម្ព័ន្ធមិត្តណាតូ ដែលជាកងកម្លាំងរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា