សម្ដេចធិបតី ពន្យល់ពាក់ព័ន្ធនឹងផ្ទៃដីរបស់កម្ពុជា មានរហូតដល់ ១៨១.៤៣៦គីឡូម៉ែត្រការ៉េ ដើម្បីស្រាយចម្ងល់របស់ពលរដ្ឋ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ពាក់ព័ន្ធនឹងផ្ទៃដីរបស់កម្ពុជា មានរហូតដល់ ១៨១.៤៣៦គីឡូម៉ែត្រការ៉េ ដើម្បីស្រាយចម្ងល់របស់ពលរដ្ឋ ។
តាមរយៈបណ្ដាញសង្គមនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី បានលើកឡើងថា ដោយមានការចាប់អារម្មណ៍ ក៏ដូចជាចម្ងល់ពាក់ព័ន្ធនឹងការលើករបស់ខ្ញុំដែលថា យោងតាមការវាស់វែងជាបឋមដោយលក្ខណៈបច្ចេកទេសរបស់ជំនាញព្រំដែន បង្ហាញថា ផ្ទៃដីរបស់កម្ពុជាមានរហូតដល់ ១៨១.៤៣៦គីឡូម៉ែត្រការ៉េ (លើសពីផ្ទៃក្រឡាដែលយើងប្រើជាផ្លូវការក្នុងពេលបច្ចុប្បន្ន ១៨១.០៣៥គីឡូម៉ែត្រការ៉េ) ដោយមិនរាប់បញ្ចូលនៅផ្ទៃកោះនៅក្នុងសមុទ្រនៅឡើយ ។
សម្ដេចធិបតី សុំធ្វើការពន្យល់បន្តិចពាក់ព័ន្ធនឹងតួលេខនេះ ដើម្បីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានចម្ងល់ បានទទួលជាព័ត៌មាននិងជាមូលដ្ឋានសម្រាប់ធ្វើការពិចារណាតាមការគួរ៖ តើការវាស់វែងជាង ១០០ឆ្នាំ មុនដោយក្រុមបច្ចេកទេសព្រំដែនបារាំងប្រើប្រាស់ឧបករណ៍ និងបច្ចេកទេសនាសម័យនោះ បើប្រៀបធៀបជាមួយការវាស់វែងដោយក្រុមបច្ចេកទេសព្រំដែនសម័យបច្ចុប្បន្ន ប្រើប្រាស់ឧបករណ៍និងបច្ចេកវិទ្យាបច្ចុប្បន្ន មួយណាសុក្រិតជាង ។
សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំរវាងនាយករដ្ឋមន្ត្រី និងអ្នកសារព័ត៌មាន លើកទី៧ និងពិសាអាហារសាមគ្គី នារសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានចូលរួម ប្រមាណ ៥ ០០០នាក់ បានថ្លែងថា កាលពីម្សិលម្ងៃ ខ្ញុំបាននិយាយអំពីរឿងផ្ទៃក្រឡាដីរបស់កម្ពុជា ។ ផ្ទៃក្រឡាដីរបស់កម្ពុជា ដែលយើងតែងតែទន្ទេញចាំមាត់តាំងពីតូចមក គឺ១៨១,០៣៥ គីឡូម៉ែត្រការ៉េ តើមានបងប្អូនណាខ្លះដែលបានចាំនូវផ្ទៃដីនេះ? ក្នុងនោះ ខ្ញុំបាននិយថា ផ្ទៃក្រឡាដីរបស់យើងដែលវាសវែងថ្មីនោះ មានផ្ទៃដី ១៨១,៤៣៦គីឡូម៉ែត្រការ៉េ មិនទាន់ជាផ្លូវការដែលយើងផ្សព្វផ្សាយនោះទេ ។
សម្តេចធិបតី បានបន្ថែមថា ក្នុងនោះឃើញថា មានបងប្អូនមួយចំនួនបានយកទៅផ្សព្វផ្សាយ ប៉ុន្ដែមិនមែនផ្សព្វផ្សាយ ក្នុងន័យអាក្រកនោះទេ គ្រាន់តែការពន្យល់មិនគ្រប់ជ្រុងជ្រោយប៉ុណ្ណោះ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្ដថា ចំពោះផ្ទៃក្រឡាផ្ទៃដី១៨១,៤៣៦គីឡូម៉ែត្រការ៉េនេះ យើងបានមកពីណា? គឺក្នុងឆ្នាំ២០១២ ក្រុមបច្ចេកទេសរបស់អតីតអាជ្ញាធរជាតិ បានយកកម្មវិធីរបស់សហរដ្ឋអាមេរិកមួយ ដើម្បីមកវាស់ចុចព្រំប្រទល់កម្ពុជា-វៀតណាម ដែលយើងប្រើទិន្នន័យខ្សែព្រុំដែនដែលឯកភាពគ្នា, ទី២ ខ្សែព្រំដែនកម្ពុជា-ឡាវ ដែលបានឯកភាពគ្នា ក្នុងនោះមិនរាប់បញ្ចូល ចំពោះកន្លែងខ្លះដែលពុំទាន់ឯកភាពគ្នា ដោយប្រើប្រាស់ទិន្នន័យ ១លើ១០ពាន់ ហើយកម្ពុជា-ថៃ ប្រើប្រាស់ទិន្នន័យ ១លើ២០ពាន់ ។ ដូច្នេះប្រើតាមបច្ចេកវិទ្យា GPS ទាំងអស់ ដូច្នេះពីទន្លេមកដល់នេះ ឃើញ ១៨១,៤៣៦គីឡូម៉ែត្រការ៉េ ៕
ដោយ ៖ វណ្ណលុក



