ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលជាលើកទីពីរ

អ៊ីស្លាម៉ាបាដ ៖ យោធាប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនទើបបាញ់សាកល្បងមីស៊ីលជាលើកទីពីរ ចំពេលមានការប្រឈមមុខដាក់គ្នាជាថ្មីជាមួយឥណ្ឌា ពាក់ព័ន្ធនឹងតំបន់ជម្លោះកាស្មៀរ។

យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោធាប៉ាគីស្ថានបានធ្វើតេស្តមីស៊ីលបាញ់ពីដីទៅដី ដែលមានរយៈចម្ងាយ ១២០គីឡូម៉ែត្រ។

ទន្ទឹមគ្នានេះ យោធាប៉ាគីស្ថាននិយាយថា ការបាញ់បង្ហោះនេះ មានគោលបំណងធានានូវការត្រៀមខ្លួនទប់ទល់សត្រូវរបស់កងទ័ព និងបង្កើនសុពលភាពប្រតិបត្តិការ និងវឌ្ឍនភាពបច្ចេកទេសសំខាន់ៗ។

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហ្វឹកហ្វឺនបាញ់សាកល្បងមីស៊ីលដោយជោគជ័យទាំងពីរលើកនេះ បានបង្ហាញយ៉ាងច្បាស់ថា យោធាត្រៀមខ្លួនការពារប្រទេស ដោយប្រើកណ្តាប់ដៃដ៏រឹងមាំ និងថា លោកពេញចិត្តនឹងការត្រៀមខ្លួនបែបនេះរបស់យោធា។

ដោយឡែកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន យោធាប៉ាគីស្ថានក៏បានបាញ់សាកល្បង មីស៊ីលពី ដី ទៅ ដី ដែល មាន រយៈ ចម្ងាយ ៤៥០គីឡូម៉ែត្រផងដែរ។ មីស៊ីលយុទ្ធសាស្ត្រនោះ អាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់ ទាំងធម្មតា និងនុយក្លេអ៊ែរ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner