អឺរ៉ុបសន្យាជះ១ពាន់លានជួយយោធាអ៊ុយក្រែន

បរទេស៖ សហភាពអឺរ៉ុបបានសន្យាជះប្រាក់ចំនួន ១ពាន់លានអឺរ៉ូ ឬ ស្មើនឹង ជាង១.១ពាន់លានដុល្លារអាមេរិក ដើម្បីជំរុញឧស្សាហកម្មការពារជាតិ របស់ប្រទេសអ៊ុយក្រែន។

សហភាពអឺរ៉ុបបានប្រកាស ពីការចំណាយ ចេញពីអ្វីដែលខ្លួនហៅថា «រោងចក្រសន្តិភាពអឺរ៉ុប» ដោយមានតំណាងមកពីសហភាពអឺរ៉ុប ដាណឺម៉ាក បារាំង និងអ៊ីតាលី ហើយបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមគ្នា នៅក្នុងពិធីមួយ កាលពីថ្ងៃព្រហស្បតិ៍។

មេដឹកនាំអឺរ៉ុបគ្រោងនឹងជួបប្រជុំគ្នា នៅអ៊ុយក្រែន នៅថ្ងៃសៅរ៍។ រីឯ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រាប់កិច្ចប្រជុំកំពូលយោធា នៅទីក្រុង Oslo តាមរយៈខ្សែវីដេអូដែរថា «យើងកំពុងត្រៀមខ្លួន នៅអ៊ុយក្រែន សម្រាប់កិច្ចប្រជុំ ជាមួយមេដឹកនាំ នៃសម្ព័ន្ធឆន្ទៈ ជាការងារដ៏ធ្ងន់ធ្ងរ នៅចំពោះមុខ»។

គណៈកម្មការអឺរ៉ុប បានរក្សាជំហរយ៉ាងខ្ជាប់ខ្ជួន ក្នុងការកំណត់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងយោធារបស់ខ្លួន សម្រាប់អ៊ុយក្រែន ដែលមានសារៈសំខាន់ ក្នុងការការពារស្ថិរភាពអឺរ៉ុប។ ថ្មីៗនេះ ប្រធានគណៈកម្មការអឺរ៉ុប បានរំលឹកឡើងវិញ នូវការគម្រាមកំហែងជាបន្ត របស់រុស្ស៊ី ដោយអះអាងថា ការពង្រឹងជំហររបស់ EU គាំទ្រអ៊ុយក្រែន គឺជាកត្តាចាំបាច់ ជាយុទ្ធសាស្ត្រ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner