មន្រ្តីនគរបាលជាតិមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ២៥រូបត្រូវបានបំពាក់បំប៉នជំនាញកីឡាហាប់កីដូ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ មន្រ្តីនគរបាលជាតិមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិចំនួន២៥រូប ត្រូវបំពាក់បំប៉នកីឡាហាប់គីដូ បន្ថែមនូវចំណេះជំនាញ ដើម្បីជាប្រយោជន៍ សម្រាប់បំពេញការងារបង្រ្កាបបទល្មើស និងចាប់ខ្លួនជនសង្ស័យ។
វគ្គបណ្តុះបណ្តាលហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូនេះ បានធ្វើឡើង នៅមជ្ឈមណ្ឌលកីឡាក្រុមប្រឹក្សាក្រសួងមហាផ្ទៃ ក្រោមវត្តមាន លោក គួច ហុងជៀក ប្រធានស្ដីទី សហព័ន្ធខ្មែរកីឡា ហាប់គីដូ និង លោក ឧត្តមសេនីយ៍ទោ ហេង សំណាង អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានបញ្ជាក់ថា ការហ្វឹកហាត់ក្បាច់គុនកីឡាហាប់គីដូ បានផ្តល់សារៈប្រយោជន៍ដល់សិក្ខាកាមនូវចំណេះជំនាញក្បាច់គុនការពារខ្លួន និងសុខភាពមាំមួនផងដែរ។ ហើយក៏ជាការចូលរួមលើកកម្ពស់សមត្ថភាពបន្ថែម ជូនមន្រ្តីកងម្លាំងនគរបាលជាតិក្នុងការបំពេញកិច្ចការបង្រ្កាបបទល្មើស និងចាប់ខ្លួនជនសង្ស័យឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងបានការពារខ្លួនអំពីការប្រឆាំងតបតពីជនសង្ស័យប្រកបដោយសុវត្ថិភាពនិងត្រឹមត្រូវ។នេះជាការយកចិត្តទុកដាក់ខ្ពស់អំពីថ្នាក់ដឹកនាំក្រសួង អគ្គស្នងការដ្ឋានគរបាលជាតិ និងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ពីសុខទុក្ខរបស់មន្រ្តីជំនាញពេលចុះបំពេញបេសកម្មដោយការពារបាននូវហានិភ័យផ្សេងៗពេលដែលអាចកើតឡើងជាយថាហេតុ។

ជាមួយគ្នានោះ លោក ឧត្តមសេនីយ៍ទោ ហេង សំណាង បានក្រើនរំលឹកដល់សិក្ខាកាម សូមយកចិត្តទុកដាក់និងគោរពឱ្យបាននូវវិន័យនិងសេចក្តីថ្លៃថ្នូរក្នុងពេលហ្វឹកហាត់ ធ្វើយ៉ាងណាឱ្យទទួលបានចំណេះជំនាញទៅអនុវត្តប្រកដដោយប្រសិទ្ធិភាពទុកជាទន់ដើម្បីការពារខ្លួន និងសុវត្ថិភាពផ្ទាល់ខ្លួនពេលចុះអនុវត្តការងារជូនអង្គភាព។

លោក គួច ហុងជៀក បានបង្ហាញមោទនភាពដែលសហព័ន្ធខ្មែរកីឡាហាប់គីដូ ត្រូវបានអគ្គស្នងការដ្ឋានគរបាលជាតិ ផ្តល់ទំនុកចិត្ត ជ្រើសរើសកីឡាហាប់គីដូ ជាក្បាច់គុនក្នុងការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិ។ លោក បានរំលេចថា ចំណេះជំនាញនៅក្នុងនាយកដ្ឋានក្នុងការចុះបំពេញការងារគឺមានហើយ ប៉ុន្តែយើងខ្វះនូវវិជ្ជាគុនការពារខ្លួនឯង យើងប្រៀបបានធ្លាក់ចូលអន្លង់មួយដែលយើងមិនអាចលោតចេញមកក្រៅបាន។ចឹងនៅពេលដែលយើងចុះបង្រ្កាបមុខសញ្ញាផ្សេងៗមិនប្រាកដថា មុខសញ្ញាជនសង្ស័យនោះប្រគល់ខ្លួន និងសហការជាមួយយើងដើម្បីចាប់ខ្លួននោះទេ។ដូច្នោះហើយ កីឡាក្បាច់គុនហាប់គីដូនេះ វាបានបង្កលក្ខណៈងាយស្រួយក្នុងការចាប់ក្លាក្រៀកជនសង្ស័យបានយ៉ាងងាយ។ ទន្ទឹមជាមួយគ្នានេះដែរ ក្នុងនាម លោក ជាប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ សូមសំណូមពរ ឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជាក់ចំណេះដឹងក្បាច់គុន ហើយ បើមិនយល់សូមសួរគ្រូឱ្យច្បាស់ ជៀសវាងចប់វគ្គហើយ ចំណេះជំនាញឱ្យបានហ្វឹកហាត់យកទៅប្រើប្រាស់មិនកើត។

សួមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលហ្វឹកហាត់កីឡាហាប់គីដូ ដែលរៀបចំដោយសហព័ន្ធខ្មែរកីឡាហាប់គីដូនេះ មានសិក្ខាកាម២៥រូប បញ្ជូនមកពីនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលនិងត្រូវហ្វឹកហាត់ជាមួយគ្រូជំនាញរបស់សហព័ន្ធចំនួន២០ម៉ោង ប្រមាណជា៤សប្តាហ៍រៀងរាល់ថ្ងៃសៅរិ៍ និងអាទិត្យចាប់ពីម៉ោង៩ដល់១១.កន្លះ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner