លោកពូទីនព្រមជួបផ្ទាល់ជាមួយអ៊ុយក្រែន
បរទេស៖ លោកប្រធានាធិបតី ពូទីន យល់ព្រមឲ្យមានការជួបគ្នាផ្ទាល់ រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្រោយរងសំពាធ ពីការដាក់ទណ្ឌកម្មថ្មីៗ។
លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានស្នើឱ្យមានការចរចាទល់មុខគ្នា ជាលើកដំបូង រវាងភាគីទាំងពីរ នៅថ្ងៃទី១៥ ខែឧសភា សប្តាហ៍ក្រោយ នៅក្នុងប្រទេសតួកគី។
ការស្នើនេះ បានធ្វើឡើង នៅក្រោយប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុង Kyiv និង មេដឹកនាំអឺរ៉ុប បានអំពាវនាវ ឱ្យមានបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ រយៈពេល ៣០ថ្ងៃ ដោយចាប់ផ្តើម នៅថ្ងៃចន្ទ។
មេដឹកនាំអ៊ុយក្រែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ អំឡុងជួបគ្នា នៅក្រុង Kyiv កាលពីថ្ងៃសៅរ៍ បានគំរាមដល់ទីក្រុងមូស្គូ ជាមួយនឹងការដាក់ចេញទណ្ឌកម្មថ្មី និងការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ប្រសិនបើរុស្ស៊ី មិនយល់ព្រមនឹងសំណើនេះ។
យ៉ាងណាមិញ លោក ពូទីន បាននិយាយថា លោកចង់ឲ្យមានកិច្ចពិភាក្សា ស្វែងរកឫសគល់នៃជម្លោះ មុនពេលបង្កើតសន្តិភាពយូរអង្វែង។ សេចក្តីយោងរបស់រុស្ស៊ីចំពោះ “មូលហេតុដើម” នៃជម្លោះ ជាទូទៅ រុស្ស៊ីតែងអះអាងថា ការចាប់ផ្តើមវាយលុកលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ ព្រោះតែ ក្រុង Kyiv និង លោកខាងលិច ជាអ្នករុញដោលឲ្យមានសង្គ្រាមនេះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត