អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃជើងឯក ENEOS ឆ្នាំ២០២៥ចាត់ទុកការរៀបចំឆ្នាំនេះទទួលបានជោគជ័យធំធេង
(ភ្នំពេញ)៖ លោក ពេជ្រ សុខា អ្នករៀបចំមហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ បានបង្ហាញក្តីរីករាយជាខ្លាំង ដែលប្រណាំងមួយនេះទទួលបានជោគជ័យធំធេង ដោយមានការចូលរួមប្រកួតប្រជែងលើគ្រប់វិញ្ញាសាទាំងអស់កីឡាករជាតិ-អន្តរជាតិបានបញ្ចេញបច្ចេកទេសខ្ពស់ៗ។
លោកបន្ថែមថា សន្ទុះចូលរួមរបស់កីឡាករជាតិ អន្តរជាតិ ជាពិសេសកីឡាករក្នុងស្រុកកាន់ផុសផុល ខណៈការរៀបចំរបស់ក្រុមការងារបច្ចេកទេសមានលក្ខណៈល្អប្រសើរខ្លាំង សម្រាប់ឆ្នាំ២០២៥នេះ។ ការប្រកួតនេះមានកីឡាករចូលរួមសរុប ១៨៤នាក់ប្រកួតលើ ១០វិញ្ញាសា ដោយលោកកត់សម្គាល់ឃើញថា ព្រឹត្តិការណ៍នេះមានការរីកចម្រើន ជាពិសេសបំផុសឱ្យយុវជនបានចូលរួមប្រកួតប្រជែងលើទីលាន ដើម្បីជាការផលិតធនធានសម្រាប់ជាតិបានចូលរួមអភិវឌ្ឍសមត្ថភាពឱ្យល្អប្រសើរ ក្នុងការឈានទៅប្រកួតនៅលើឆាកអន្តរជាតិនាពេលខាងមុខ។
លោក ពេជ្រ សុខា បន្ថែមថា ការប្រកួតនៅតាមពូលនីមួយៗមានកម្រិតខុសៗគ្នា ដូចជាកម្រិតធម្មតា កម្រិតកណ្តាល និងកម្រិតខ្លាំងបំផុត ដែលកីឡាករប្រណាំងម៉ូតូត្រៃទាំងអស់ត្រូវមានបច្ចេកទេសខ្ពស់ៗ ដើម្បីប្រជែងជើងឯកប្រចាំពូលនីមួយៗ ហើយជៀសវាងគ្រោះថ្នាក់កើតឡើងផងដែរ។ ជាមួយគ្នានេះ អ្នករៀបចំរូបនេះអះអាងថា សម្រាប់ការប្រកួតប្រជែងពូល A ដែលជាការប្រកួតកម្រិតជំនាញ គឺថាកីឡាករជាតិ និងកីឡាករមកពីប្រទេសផ្សេងៗ ប្រជែងសមត្ថភាពគ្នាដ៏ល្អប្រសើរ ដោយអាចវាស់ស្ទង់សមត្ថភាពចំពោះគ្នាទៅវិញទៅមក បើមិនដូច្នេះទេ នោះយើងក៏មិនដឹងថា គុណភាពបច្ចេកទេសរបស់កីឡាករកម្ពុជាស្ថិតក្នុងកម្រិតណាទេ។ ដូច្នេះតាមរយៈការរៀបចំព្រឹត្តិការណ៍ ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ប្រចាំឆ្នាំ២០២៥នេះបានក្លាយជាការប្រកួតមួយដ៏មានសារៈសំខាន់ ក្នុងការជំរុញដល់ការអភិវឌ្ឍសមត្ថភាពរបស់កីឡាករកម្ពុជាឱ្យបោះជំហានរីកចម្រើនទៅមុខបន្ថែមមួយកម្រិតទៀត។
យ៉ាងណាក៏ដោយ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃរូបនេះបានបង្ហាញឆន្ទៈដ៏មោះមុតថា នៅក្នុងការប្រកួតឆ្នាំក្រោយៗទៀត លោកនឹងពង្រីក និងពង្រឹងការរៀបចំឱ្យកាន់តែល្អប្រសើរ តាមរយៈការរៀបចំទីលានប្រកួតឱ្យមានទីទួលឧបសគ្គកាន់តែច្រើន ដើម្បីឱ្យការប្រកួតប្រជែងកាន់តែខ្លាំងក្លា ក្នុងន័យដុសខាត់គុណភាពបច្ចេកទេសរបស់កីឡាករឱ្យកាន់តែប្រសើរបន្ថែមទៀតផងដែរ ។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃ ជើងឯក ENEOS ប្រចាំឆ្នាំ២០២៥ ត្រូវបានធ្វើឡើង នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ នៅនៅទីលានប្រណាំងម៉ូតូ ក្នុងដីឡូតិ៍អ្នកឧកញ៉ា លី យ៉ុងផាត់ នៅជាប់ច្រកចូលសួនសត្វ ភ្នំពេញសាហ្វារី តាមបណ្តោយមហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕







រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ