តួកគីចង់ធ្វើម្ចាស់ផ្ទះការចរចាបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
អង់ការ៉ា ៖ ប្រធានាធិបតីតួកគី លោក តាយីប អឺដូហ្កាន់ បានបញ្ជាក់ជាថ្មីថា តួកគីត្រៀមខ្លួនរួចជាស្រេច ធ្វើជាម្ចាស់ផ្ទះការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្រោយរុស្ស៊ីចង់ចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល។
នៅក្នុងការសន្ទនាតាមទូរស័ព្ទថ្មីៗនេះ លោកប្រធានាធិបតី អឺដូហ្កាន់ បានស្វាគមន៍ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ពូទីន ដែលស្នើឱ្យបន្តកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល នៅថ្ងៃទី១៥ ខែឧសភានេះ។
មេដឹកនាំតួកគីរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាណាមួយ ដែលមានគោលបំណងសម្រេចបាននូវដំណោះស្រាយបញ្ចប់សង្គ្រាមក្នុងពេលយូរអង្វែង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់អ្នកសារព័ត៌មាននៅវិមានក្រឹមឡាំងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ លោកប្រធានាធិបតី ពូទីន បានស្នើឱ្យមានការបន្តចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែននៅថ្ងៃទី១៥ ខែឧសភា នៅទីក្រុងអ៊ីស្តង់ប៊ុល។
លោក ពូទីន និយាយថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តក្នុងការចរចាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ុយក្រែន ដើម្បីដោះស្រាយឫសគល់នៃជម្លោះដែលកំពុងបន្ត ហើយដាក់មូលដ្ឋានគ្រឹះសម្រាប់សន្តិភាពយូរអង្វែង និងស្ថិរភាព។
ជាការឆ្លើយតប មេដឹកនាំអ៊ុយក្រែន លោកប្រធានាធិបតី ហ្សេលេនស្គី និយាយថា សារនេះគឺជាសញ្ញាវិជ្ជមានដែលរុស្ស៊ីបានចាប់ផ្តើមពិចារណាបញ្ចប់សង្រ្គាម ប៉ុន្តែថា ជំហានដំបូងឆ្ពោះទៅរកចំនុចនោះ គឺការចាប់ផ្តើមពីបទឈប់បាញ់នៅថ្ងៃទី១២ ខែឧសភាសិន
នៅឆ្នាំ ២០២២ អ្នកចរចារុស្ស៊ី និងអ៊ុយក្រែនបានជួបពិភាក្សាគ្នាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែពួកគេបានបរាជ័យក្នុងការយល់ព្រមបញ្ឈប់ការប្រយុទ្ធគ្នា៕


ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា