កម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ពង្រីកបានចំនួន ២ ភូមិ បន្ថែមទៀត
(ភ្នំពេញ)៖ ក្នុងឆ្នាំ២០២៥នេះ កម្មវិធីស្រូវ សរីរាង្គ មិត្តភាពសង្គ្រោះសត្វព្រៃ ក្នុង ដែនជម្រកសត្វព្រៃលំផាត់ បានពង្រីកចំនួន២ភូមិទៀត ដែលទាំងនេះគឺជាកម្មវិធី ផលិតផលស្រូវគ្មានជាតិគីមី អភិរក្សព្រៃឈើ និងការពារសត្វព្រៃ។
យោងតាមអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia)បានឱ្យដឹងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៥នេះថាគិតរហូតមកដល់នេះ មានភូមិចំនួន០៦ (ដែលជាភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់) បាននឹងកំពុងអនុវត្តកម្មវិធីស្រូវមិត្តភាពសង្គ្រោះសត្វព្រៃនេះ។ភូមិទាំងនេះមានដូចជា ភូមិស្រែឈូក ឃុំជ័យឧត្តម ស្រុកលំផាត់ និងភូមិស្រែពកតូច ឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរីក្រោមការគាំទ្រពីអង្គការអុកស្វាមកម្ពុជា និងគម្រោងរេដបូកដែនជម្រកសត្វព្រៃលំផាត់។
គួរបញ្ជាក់ថាកម្មវិធីស្រូវសរីរាង្គមិត្តភាពសង្គ្រោះសត្វព្រៃបានជួយកសិករឱ្យបង្កើនចំណូលតាមរយៈការលក់ស្រូវសរីរាង្គដែលមានតម្លៃខ្ពស់ជាងទីផ្សារ និងផលិតភាពស្រូវមានការកើនឡើងជារៀងរាល់ឆ្នាំ។
ក្រៅពីចំណូលកើនឡើងកសិករបាននឹងកំពុងផលិតស្រូវដែលមាននិរន្តភាព សុវត្ថិភាពសម្រាប់ខ្លួនឯង និងអ្នកបរិភោគ។ លើសពីនេះកសិករក៏បានចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងសហគមន៍របស់ពួកគេ ដែលជាប្រយោជន៍សម្រាប់មនុស្សជាតិ និងភពផែនដីផងដែរ៕




ដោយ ៖ ម៉ាដេប៉ូ