រដ្ឋមន្រ្តីក្រសួងការងារ ៖ ក្នុងរយៈពេល ២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិ

(ភ្នំពេញ)៖ ក្នុងរយៈពេល ២០ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញដ៏លេចធ្លោមួយដោយមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស និងលើអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្តុះបណ្តាល បច្ចេកវិទ្យាទំនើបៗ បរិយាកាសសិក្សា និងការងារដែលជាកត្តាផ្តល់ជូនសិស្សនិស្សិត និងសិក្ខាកាម ឱ្យមានទាំងចំណេះ ជំនាញ និងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឱ្យក្រុមហ៊ុន ដៃគូនានា និងអ្នកពាក់ព័ន្ធទុកចិត្ត និងជឿជាក់។

ការថ្លែងឡើងបែបនេះ របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ កាលពីព្រឹកថ្ងៃទី១២ខែឧសភា ឆ្នាំ២០២៥ ក្នុងពិធីប្រារព្ធខួប ២០ឆាំ្ន នៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងពិព័រណ៍ការងារលើកទី៤ឆ្នាំ២០២៥ ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម PARK Jong-Wook ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋកូរ៉េប្រចាំកម្ពុជា ផងដែរ ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖“កត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួងស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិទទួលស្គាល់ថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា គឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈមួយដែលមានសក្តានុពល និងសកម្ម ក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គាំទ្រដល់សេដ្ឋកិច្ចកម្ពុជា”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានរំលឹកថា វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ជាសមទ្ធិផលដំបូង នៃកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ហើយវិទ្យាស្ថានដ៏ល្បីល្បាញនេះ បានចាប់បើកដំណើរការដំបូងនៅឆ្នាំ២០០៥ដែលមានសិស្សចំនួនត្រឹម២០០នាក់ ជាមួយនិង៨មុខជំនាញ ប៉ុន្តែមកដល់បច្ចុប្បន្នវិទ្យាស្ថាន មានសិស្សនិស្សិតចំនួនជាង៧.៨ពាន់នាក់ដែលកំពុងសិក្សាលើមុខជំនាញ២៤ ខណៈដែលសិស្សនិស្សិតបានបញ្ចប់ការសិក្សាគ្រប់កម្រិតប្រមាណជាង១,៣ម៉ឺននាក់គិតត្រឹមឆ្នាំ២០២៤។

បន្ថែមពីននេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ខណៈដែលរាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ១,៥លាននាក់យ៉ាងសកម្មនោះ វិទ្យាស្ថាន ក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរ ក្នុងការបណ្តុះបណ្តាលជំនាញដល់ក្រុមយុវជនគោលដៅ និងប្រជាពលរដ្ឋកម្ពុជាឱ្យមានជំនាញច្បាស់លាស់ដែលបាននិងកំពុងផ្តល់ឱកាសឱ្យសិក្ខាកាមមានការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាស និងការក្លាយជាម្ចាស់អាជីវកម្មផងដែរ។

យ៉ាងណាក៏ដោយជាមួយនឹងមោទនភាពនៃខួប២០ឆ្នាំនេះ ឯកឧត្តម ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសង្កត់ធ្ងន់ពីការចូលរួមចំណែករបស់វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិដែលរាជរដ្ឋាភិបាល ជាពិសេស សម្ដេចមហាបវរអធិបតីហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់ និងដូចមានកំណត់ក្នុងយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល និងផែនការសកម្មភាពរបស់ក្រសួងដែលរួមមានគោលនយោបាយជាតិស្ដីពីការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ ២០១៧-២០២៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈ២០២៤-២០២៨ និងគោលនយោបាយនិងផែនការពាក់ព័ន្ធផ្សេងទៀតផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner