Zelensky ចង់ឲ្យ Trump ជួប Putin រួមគ្នា

បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកចង់ឱ្យសមភាគីអាមេរិក លោក Donald Trump ចូលរួមកិច្ចចរចាសន្តិភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសទួកគី។

លោក Zelensky អះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ការចរចាដោយផ្ទាល់ និងជាក់ស្តែង» ជាមួយលោក Putin ដោយលោកបន្ថែមថា «អ៊ុយក្រែនតែងតែគាំទ្រការទូត… ខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងប្រទេសទួកគី»។ លោក បានបញ្ជាក់ថា លោកនឹងចូលរួម ហើយចង់ឱ្យលោក Trump នៅទីនោះដែរ ដើម្បីចរចាដោយផ្ទាល់ ជាមួយលោក Putin។

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា លោកកំពុងពិចារណាអំពីការធ្វើដណើរ ទៅកាន់ប្រទេសទួកគី សម្រាប់កិច្ចចរចាសន្តិភាព ដែលអាចកើតមានរវាងអ៊ុយក្រែន និងរុស្ស៊ី នាសប្តាហ៍នេះ។ ប៉ុន្តែ វិមានក្រឹមឡាំង មិនទាន់ប្រកាសជាផ្លូវការថាតើ លោក Vladimir Putin នឹងចូលរួមដែរឬទេ ហើយលោក Putin ប្រាប់ថា ចង់ឲ្យមន្ត្រីអ៊ុយក្រែន ជួបមន្ត្រីរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។

មនុស្សរាប់ម៉ឺននាក់ត្រូវបានសម្លាប់ និងរាប់លាននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនចេញពីផ្ទះ ចាប់តាំងពីផ្ទុះសង្គ្រាម កាលពីខែកុម្ភៈឆ្នាំ២០២២ ហើយពេលនេះ កងទ័ពរបស់ទីក្រុងម៉ូស្គូ គ្រប់គ្រងនៅតំបន់ប្រមាណ១ភាគ៥ នៃប្រទេសនេះ រួមទាំង ឧបទ្វីបគ្រីមៀ ដែលបានបញ្ចូល ក្នុង២០១៤៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner