ផូស៊ីល សត្វសមុទ្រ គ្រីណូអ៊ីត (CRINOID)ត្រូវបានគេប្រទះឃើញ តាមបណ្តាខេត្តមួយចំនួននៅកម្ពុជា
(ភ្នំពេញ)៖ ផូស៊ីលគ្រីណូអ៊ីត (Crinoid) ដែលបានបន្សល់ទុករាប់លានឆ្នាំមុនមកនេះ ត្រូវបានគេរកឃើញជាបន្តបន្ទាប់នៅតាមតំបន់ជាច្រើននៅក្នុងប្រទេសកម្ពុជា ហើយគេរកឃើញច្រើនជាងគេគឺនៅភ្នំស្វាយ ខេត្តបន្ទាយមានជ័យ ខេត្ត បាត់ដំបង ខេត្តស្ទឹងត្រែង ខេត្តកំពតជាដើម។
ផូស៊ីល គ្រី ណូអ៊ីត ត្រូវបានរកឃើញ មានជីវិតនៅលើផែនដីកាលពី ប្រមាណ៤៥០លានឆ្នាំមុន។ សត្វគ្រីណូអ៊ីត មានរូបរាងដូចជាផ្កាព្រលិតមួយដើមដែលមានផ្នែកផ្កា ដើម និងឫស ខ្លះមានដើមខ្លី និងខ្លះមានដើមវែង។ គេបានរកឃើញ គ្រីណូអ៊ីត ខ្លះមានប្រវែងដល់ទៅ១ម៉ែត្រ។ ពួកវាជាប្រភេទសត្វដែលរស់នៅក្នុងទឹករាក់។ ថ្វីត្បិតយើងមើលទៅហាក់ដូចជារុក្ខជាតិ តែការពិតពួកគ្រីណូអ៊ីត ជាសត្វអាចធ្វើ ដំណើរ និងហែលទឹកបាន។
ទាក់ទិនក្នុងរឿងនេះ លោក លឹម វណ្ណច័ន្ទ ប្រធានការិយាល័យបេតិកភណ្ឌវប្បធម៌ នៃនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថានបានឱ្យដឹងថា៖”នៅក្នុងប្រទេសកម្ពុជាយើង គេបានជួបប្រទះផូស៊ីលសត្វត្រីណូអ៊ីត ដែលមានផ្នែកខាងក្បាលរបស់វានៅភ្នំស្វាយ ក្នុងខេត្តបន្ទាយមានជ័យ។ ភ្នំស្វាយជាប្រភេទភ្នំថ្មកំបោរ ដែលមានអាយុកាលនៅស័កទី១ ក្នុងសម័យ Permian ឬប្រមាណ២៥១ – ២៩៩លានឆ្នាំមុន”។
លោកថា ផូស៊ីលទាំងនេះគេក៏បានប្រទះឃើញ នៅទីតាំងផ្សេងៗទៀត ដូចជា ខេត្តបន្ទាយមានជ័យ រកឃើញច្រើនជាងគេ ភ្នំស្វាយ ភ្នំជញ្ជាំងឃើញមានច្រើន, ភ្នំបាក់, ភ្នំដូងព្រះ, ភ្នំកងវ៉ា,ភ្នំព្រះភ្នំវែង។ ខេត្តបាត់ដំបង ដូចជាភ្នំសំពៅ, ភ្នំបាណន់,ភ្នំគោហា។ ខេត្តស្ទឹងត្រែង រក ឃើញនៅថ្មកំបោរ តំបន់រាមសារទន្លេមេគង្គ ភ្នំឈ្ងោក,ភ្នំចាបភ្លើង ក្នុងស្រុកថាឡាបរិវាត់។ ខេត្តកំពត ភ្នំកំពង់ត្រាច ជាដើម។
ចាប់ពីឆ្នាំ២០១៩មក ក្រុមការងារសិក្សាស្រាវជ្រាវផូស៊ីល ដោយនាយកដ្ឋានតំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន បានចាប់ផ្តើមធ្វើការ សិក្សាស្រាវជ្រាវអំពីជីវចម្រុះសម័យបុរាណ នៃប្រទេសកម្ពុជា។
គួរបញ្ជាក់ថា តាមរយៈផូស៊ីលសត្វត្រីណូអ៊ីត ដែលរកឃើញនៅក្នុងប្រទេសកម្ពុជា នេះត្រូវបានកំណត់អាយុកាលក្នុងស័កទី១ក្នុងសម័យ Permian ដែលស្ថិតនៅក្នុងចន្លោះ២៥១-២៩៩លាន ឆ្នាំ។ នោះមានន័យថានាស័កទី១ ប្រទេសកម្ពុជាស្ទើរតែទាំងស្រុងស្ថិតនៅក្រោមសមុទ្រនៅឡើយ៕
ដោយ ៖ ម៉ាដេប៉ូ



